សូមស្វាគមន៍មកកាន់ Nhek Sreyleak Blog! ខាងក្រោមនេះ ជាសំណេរខ្លី រៀបរាប់ពីរឿងរ៉ាវដែលខ្ញុំសម្រេចបាននៅឆ្នាំ២០២៣...
ឆ្នាំនេះ ជាឆ្នាំដែលអ្នកសារព័ត៌មានរវល់ជាងគេ
ព្រោះមានកម្មវិធីជាតិធំៗជាច្រើន ដូចជា អង្គរសង្រ្កាន្តខួប ១០ឆ្នាំនៅរមណីយដ្ឋានអង្គរ,
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២, ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម, ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧
និងការរៀបចំព្រះរាជពិធីបុណ្យអុំទូកឡើងវិញ។ ក្រៅពីកម្មវិធីទាំងនេះ
ក៏មានកម្មវិធីតូចធំមួយចំនួនទៀត ដែលអ្នកសារព័ត៌មានទាំងស្រី និងប្រុស
រវល់ចុះយកព័ត៌មានផងដែរ។
សម្រាប់ឆ្នាំ២០២៣នេះ
ជាការកត់សម្គាល់របស់ខ្ញុំ ខ្ញុំបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានយ៉ាងច្រើនទាំងអត្ថបទ
និងវីដេអូ។ ឆ្នាំនេះ ខ្ញុំបានផលិតអត្ថបទព័ត៌មានជាង ២០០អត្ថបទ ក្នុងចំណោមអត្ថបទទាំងនេះ
មានអត្ថបទចំនួន ៣ ជាប់ជ័យលាភីផងដែរ។ អត្ថបទជ័យលាភីទាំងបី
ជាការបំបែកកំណត់ត្រាមិនធ្លាប់មានរបស់ខ្ញុំ
ក្នុងអាជីពអ្នកសារព័ត៌មានរយៈពេល៧ឆ្នាំមកនេះ។ ឆ្នាំ២០២៣
ខ្ញុំមានគោលដៅចូលរួមប្រកួតអត្ថបទ ជាក់ស្ដែងខ្ញុំក៏សម្រេចវាបាន។
ជារឿងដែលមិននឹកស្មានដល់សម្រាប់ខ្ញុំ
ព្រោះអត្ថបទដែលខ្ញុំចាប់ផ្ដើមសរសេរប្រកួតដំបូង បានជាប់ជ័យលាភីលេខ ២
គឺអត្ថបទបទយកការណ៍«នៅពេលដែលសាលារៀនរដ្ឋនៅភ្នំពេញកាន់តែផ្តោតលើការលើកកម្ពស់អនាម័យទឹកស្អាត និងបរិស្ថាន..» ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០២៣។
ដោយឡែក សម្រាប់អត្ថបទប្រកួតទី២ និងទី៣ វិញ
ខ្ញុំសរសេរក្នុងខែតែមួយ។ តាមពិតទៅខ្ញុំ មិនសូវមានពេលទំនេរនោះទេ
ប៉ុន្តែខ្ញុំឆ្លៀតធ្វើវា នៅម៉ោងសម្រាកបាយថ្ងៃត្រង់ និងពេលយប់។ ពេលគេប្រកាសទាក់ទងនឹងការប្រកួតដំបូង
ខ្ញុំមិនគិតយូរនោះទេ ឃើញភ្លាម ខ្ញុំចុះឈ្មោះភ្លាមតែម្ដង។ អត្ថបទទី២របស់ខ្ញុំ
សម្រាប់ការប្រកួត មានចំណងថា «ទឹកដោះម្ដាយ ជាទឹកមន្តពិសិដ្ឋ សម្រាប់ទារក!»
ចេញផ្សាយកាលខែសីហា ឆ្នាំ២០២៣។ អត្ថបទនេះ ជាប់ជ័យលាភីលេខ ៣។
ក្រោយពីបញ្ចប់អត្ថបទប្រកួតទី២
ខ្ញុំក៏ចាប់ផ្ដើមសរសេរអត្ថបទប្រកួតទី៣ ទាក់ទងនឹងអំពើពុករលួយវិញម្ដង។ អត្ថបទទី៣របស់ខ្ញុំ
ក៏បានជាប់ជ័យលាភី ក្នុងចំណោមអត្ថបទឆ្នើមចំនួន ៣ ផងដែរ។ អត្ថបទនោះ
មានចំណងជើងថា «ពលរដ្ឋចង់ឃើញរដ្ឋាភិបាលថ្មីប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយប្រសិទ្ធភាព និងតម្លាភាព» ចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២៣។
ទាំងនេះហើយ ជាការបំបែកកំណត់ត្រារបស់ខ្ញុំ។
ត្បិតជាការចាប់ផ្ដើមប្រឡូកក្នុងការប្រកួតអត្ថបទដំបូង
ប៉ុន្តែខ្ញុំអាចធ្វើបាន ព្រោះអត្ថបទរបស់ខ្ញុំជាប់ទាំងបី នៅឆ្នាំនេះ(ហិហិ
ដាក់បីអត្ថបទជាប់ទាំងបី)។ តាមរយៈអត្ថបទជ័យលាភីទាំងនេះ
បានជំរុញខ្ញុំឱ្យមានចិត្តចង់ចូលប្រកួតនៅពេលក្រោយៗទៀត។ ខ្ញុំបានស្គាល់រសជាតិ
ក្នុងការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាននឹងគេហើយ ព្រោះពីមុន ខ្ញុំមិនមានភាពក្លាហានក្នុងការសរសេរប្រកួតនោះទេ។
លើសពីនេះ អត្ថបទទាំងនេះ បានធ្វើឱ្យខ្ញុំចេះស្រាវជ្រាវ
និងស្វែងរកប្រភពជាច្រើន ដើម្បីបង្កើតជាសាច់រឿងជូនមិត្តអ្នកអាន។
សម្រាប់ភាពជោគជ័យទាំងនេះ
កើតពីការប្រឹងប្រែង និងការឆ្លៀតពេលដ៏មមាញឹករបស់ខ្ញុំ។ ការប្រឹងប្រែង
ការជឿជាក់លើខ្លួនឯង
រួមទាំងការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនពិតមានសារៈសំខាន់។
ខ្ញុំសូមអរគុណដល់ក្រុមគ្រួសារ ស្វាមី
ដែលតែងលើកទឹកចិត្ត។ អរគុណក្រុមការងារ និងថ្នាក់ដឹកនាំស្ថាប័ន ដែលតែងជំរុញ
និងចង្អុលបង្ហាញ។ អរគុណដល់ខ្លួនឯង ដែលមិនបោះបង់ និងតស៊ូរហូតទទួលបានលទ្ធផលល្អបែបនេះ។
ទាំងនេះ ជាកាដូដ៏ធំបំផុតសម្រាប់ខ្ញុំ។ សូមអរគុណបងប្អូនដែលបានអានអត្ថបទនេះ
សូមជូនពរឆ្នាំថ្មី ជួបតែសេចក្ដីសុខ មានសុខភាពល្អ និងសម្រេចបំណងដែលប៉នប្រាថ្នា។
«គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ បើសិនជាយើងខំប្រឹងប្រែងពិតប្រាកដនោះ»៕
Comments
Post a Comment