ជិត ១៧ឆ្នាំហើយ ដែលគ្រួសារខ្ញុំ
ប្រកបរបរលក់ចាប់ហួយ (មិនមែនកូនអ្នកលក់ចាប់ហួយទេ គឺប្អូនអ្នកលក់ចាប់ហួយ)។
គ្រួសារខ្ញុំចាប់ផ្ដើមលក់ «ចាប់ហួយ» តាំងពីមានទំនិញតិច
រហូតដល់ច្រើន។ ពីដំបូងផ្ដើមចេញពីលក់ផ្លែឈើ ដាក់ក្នុងទូរកញ្ចក់តូចមួយ
ដែលមានផ្លែឈើដូចជា ឪឡឹក, អំពៅ, ស្វាយ និងម្នាស់ជាដើម។ ក្រោយមកទៀត របរនេះ
ចេះតែរីកបន្តិចម្ដងបន្តិចម្ដង គ្រួសារខ្ញុំក៏ចាប់ផ្ដើម
លក់គ្រឿងកំប៉ុង (ទឹកក្រូច,ទឹកផ្លែឈើ និង Beer) និងទំនិញផ្សេងទៀត។
ដោយសារតែតម្រូវការរបស់អ្នកទិញមានច្រើន ក្រុមគ្រួសារខ្ញុំ
ក៏បន្តលក់ទំនិញសឹងគ្រប់មុខ ហើយយូរៗទៅ ផ្ទះខ្ញុំមានទំនិញច្រើន រួមមាន
បន្លែ, សាច់, ផ្លែឈើ, អង្គរ, គ្រឿងទេស, គ្រឿងកំប៉ុង, គ្រឿងក្រអូប, ចានឆ្នាំង
និងអ្វីច្រើនទៀត។
ពន្យល់ពាក្យ «ចាប់ហួយ» (កុំសើច ហាហា)
ពាក្យថា «ចាប់ហួយ» ស្ដាប់ទៅដូចធម្មតា
ប៉ុន្តែបើតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត «ចាប់ហួយ» មានន័យថា «ការលក់ទំនិញរាយរងនេះខ្លះនោះខ្លះប៉ប៉ះប៉ប៉ុន
។ លក់ដូរចាប់ហួយ របរជំនួយ នៃការទ័លក្រ ចំណេញតិចតួច ស្ដើងស្ដួចតែល្អ រាប់ជាអម្រ
សន្សំធនធាន ។ ដំបូងស្ដួចស្ដើង ប៉ើករ៉ើកប៉ើងរ៉ើង យូរទៅតែងបាន ទ្រព្យធនក្រាស់ក្រែល
ឡើងជាអ្នកមាន ការអត់ការឃ្លាន ក៏ឃ្លាតចេញឆ្ងាយ»។
អានទៅដូចចង់សើច ពេលដែលពន្យល់ពីពាក្យនេះ
ប៉ុន្តែខ្ញុំចង់ប្រាប់ថា របរលក់ចាប់ហួយនេះ ទោះហត់នឿយ
តែវាជួយច្រើនដល់ជីវភាពគ្រួសារខ្ញុំ។ បើនិយាយជារួម របរនេះ
ជួយក្រុមគ្រួសារខ្ញុំពេញមួយគ្រួសារ តែម្ដង ព្រោះគ្រប់តម្រូវការ
ដូចជាការប្រើប្រាស់សម្ភារ ឬចំណីអាហារ គឺយើងអាចប្រើប្រាស់ ឬហូបបានដោយមិនចាំបាច់ទៅទិញ
ហើយនេះជាផ្នែកមួយដែលខ្ញុំគិតថាចំណេញ។
ចំណេញតិច តែបានលុយច្រើន
(១មុខៗបូកចូលគ្នាទៅ បានលុយច្រើន)
ទោះបីមុខរបរនេះ ចំណេញតិចតួចក្ដី
ប៉ុន្តែនៅពេលដែលយើងលក់ច្រើនមុខ យើងនឹងអាចចំណេញពីមុខទំនិញដទៃទៀតបានច្រើន។
ទាក់ទងនឹងការចំណាយវិញ អ្នកលក់ចាប់ហួយត្រូវការលុយបង្វិលទៅវិញទៅមក
សម្រាប់ទិញទំនិញផ្សេងៗ។ ម៉្យាងទៀត អ្នកលក់ចាប់ហួយ
គេតែងតែលក់ឥវ៉ាន់ឲ្យបានគ្រប់មុខ ព្រោះគេមិនចង់ឲ្យអ្នកទិញ
រកអ្វីដែលអត់ ណាមួយប្រសិនបើកន្លែងយើងមិនមានទំនិញគ្រប់មុខដែលគេត្រូវការ
គេនឹងមិនមកកន្លែងយើងទៀតទេ។ បើនិយាយពីផ្ទះខ្ញុំវិញ គឺដូចផ្សារអ៊ីចឹង
ព្រោះផ្ទះខ្ញុំមានលក់គ្រប់មុខ ដោយសារមិនចង់ឲ្យអ្នកទិញទៅណាឆ្ងាយ។
សម្រាប់ផ្ទះខ្ញុំ អតិថិជនគោលដៅ គឺអ្នករោងចក្រ, អ្នកភូមិ និងអ្នកធ្វើដំណើរកាត់តាមផ្លូវនេះ។
ចំណេញតិច គឺទំនិញខ្លះចំណេញត្រឹម ៥រយ រហូតដល់៥ពាន់រៀល ទៅតាមមុខទំនិញ។
លក់ចាប់ហួយ នឿយហត់
លក់ «ចាប់ហួយ» នឿយហត់ណាស់។ ជារៀងរាល់ថ្ងៃ
អ្នកផ្ទះខ្ញុំត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីបើកតូប និងរៀបចំឥវ៉ាន់ ចំណែកឯពេលយប់ក៏អ៊ីចឹងដែរ
ទម្រាំបានដេកពូន គឺជិតម៉ោង ១២ ព្រោះត្រូវរៀបចំឥវ៉ាន់ទុក
និងត្រូវទៅផ្សារទិញបន្លែ។ បើរឿងហូបបាយវិញក៏អ៊ីចឹងដែរ ដោយសារផ្ទះខ្ញុំ
មានម្ហូប បន្លែ សាច់ ត្រី.... ត្រឹមម៉ោង ១២ ដល់ ម៉ោង១រសៀល ផ្ទះខ្ញុំរៀបចំឥវ៉ាន់ទុក
ដោយយកត្រី សាច់ ដាក់ក្នុងធុងទឹកកក ប៉ុន្តែអ្វីដែលខ្ញុំធុញ គឺអ្នកទិញ
ភាគច្រើនមកទិញនៅម៉ោងនេះ មិនដឹងម៉េចដែរ គេចេះតែមកទិញ ហើយម៉ោងនេះ
គឺម៉ោងបាយទឹក។ ពេលខ្លះកំពុងហូបបាយ អ្នកទិញស្រែកហៅទិញក៏មាន។
នេះហើយជីវិតអ្នកលក់ចាប់ហួយ។ ហាហា....! តាមពិតទៅលក់ចាប់ហួយ
លក់ដាច់មែន ប៉ុន្តែមិនដឹងលុយចំណេញនៅឯណាទេ ព្រោះត្រូវបង្វិលចុះបង្វិលឡើង។
ទៅដើរលេងបិទតូច ខាតលុយ
ងាកមកនិយាយពីរឿងបិទតូប
ពេលដែលចង់ដើរលេង។ ពេលទៅដើរលេង គឺយ៉ាប់ណាស់ អ្នកលក់ចាប់ហួយ គិតអើយគិត
បើបិទតូប គឺខាតលុយ។ ផ្ទះខ្ញុំបានដើរលេងជុំគ្នា
គឺបានតែថ្ងៃបុណ្យជាតិធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ, ចូលឆ្នាំ ឬអុំទូកជាដើម
ព្រោះបុណ្យទាំងនេះ គេទៅលេងស្រុក អ៊ីចឹងមិនសូវមានអ្នកទិញទេ
ហើយអាចដើរលេងបាន។ មួយវិញទៀត អ្នកលក់ចាប់ហួយ ពេលទិញអ្វីមួយ មិនដែលយកលុយទៅទិញទាំងអស់នោះទេ
ភាគច្រើនគេទិញបង់រំលស់។ នេះសម្រាប់ផ្ទះខ្ញុំ ហិហិ
មកពីអត់លុយបានទិញបង់រំលស់។
លក់ «ចាប់ហួយ» ចំណេញលុយបង់សាលាកូន
បងស្រីខ្ញុំ និងស្វាមីគាត់
ពីមុនជាកម្មកររោងចក្រ តែឥឡូវគាត់ជាម្ចាស់តូបលក់ចាប់ហួយនេះ។
ត្បិតគាត់មិនមែនជាអ្នកធ្វើការ ប៉ុន្តែគាត់បានប្រកបរបរនេះ ដែលអាចជួយជីវភាពគ្រួសារបានទាំងមូល។ «កូនច្រើន ត្រូវបង់សាលាក៏ច្រើន»
លុយចំណេញពីលក់ចាប់ហួយ ត្រូវសន្សំបង់សាលាដើម្បីកូនរៀន តាំងរដ្ឋ
និងឯកជន។ រីឯខ្ញុំវិញ ពេលខ្លះក៏ខ្លីលុយអ្នកលក់ចាប់ហួយបង់សាលាដែរ
(មិនមែនហែកកេរ្តិ៍ទេ គ្រាន់តែប្រាប់)។
លក់ចាប់ហួយចំណេញ
ហេតុអ្វីខ្ញុំមកធ្វើអ្នកកាសែត?
និយាយតាមត្រង់
បើខ្ញុំប្រឡងថ្នាក់ទី១២ធ្លាក់ ប្រហែលខ្ញុំការប្ដីបាត់ហើយ ហិហិ
ហើយម៉ាក់ខ្ញុំឲ្យខ្ញុំបើកវីងដូរលុយ និងវេរលុយនៅផ្ទះបាត់ហើយ ម៉្យាងទៀត ប្រហែលជាខ្ញុំមានលុយជាងរាល់ថ្ងៃនេះ ហាហា។ ប៉ុន្តែវាមិនមែនជាក្ដីស្រមៃរបស់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនចង់នៅតែមួយកន្លែងដូចលក់ដូរនៅផ្ទះដែរ។
ខ្ញុំចូលចិត្តដើរច្រើន ចង់ដឹង ចង់ស្គាល់ ចង់យល់ ជាពិសេសគ្រប់រឿង
ទើបខ្ញុំសម្រេចចិត្តមករៀនផ្នែកសារព័ត៌មាន ហើយធ្វើជាអ្នកកាសែត។
ខ្ញុំទទួលស្គាល់ថា រកស៊ីមានជាងធ្វើការ ប៉ុន្តែខ្ញុំចង់ធ្វើការជាងរកស៊ី ហាហា។ និយាយចឹងរាល់ថ្ងៃនេះខ្ញុំជាអ្នកលក់ (ទឹកឃ្មុំ, ម្សៅពន្លៃ និងរមៀត) ហិហិ។ សរសេរយូរៗទៅ
មិនដឹងបានន័យថាម៉េចទេ អានត្រឹមនេះ បានហើយ ប៉ុន្តែចង់ប្រាប់ថា លក់
«ចាប់ហួយ» ហត់ តែចំណេញច្រើន៕ បាយបាយ ជម្រាបលា...
Comments
Post a Comment