«ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម» ជាបេសកកម្ម​ដ៏​អស្ចារ្យបំផុតក្នុង​អាជីព​សារព័ត៌មាន​របស់ខ្ញុំ​

ឆ្នាំ​២០២៣ ជា​ឆ្នាំ​ដ៏​រវល់​របស់​អ្នកសារព័ត៌មាន ដោយសារ​តែ​ព្រឹត្តិការណ៍​ធំៗ បាន​រៀបចំ​នៅក្នុង​ឆ្នាំនេះ។ មិន​ខុស​ពី​អ្នកសារព័ត៌មាន​ដទៃ ខ្ញុំ​ក៏​រវល់​មិន​ចាញ់​ពួក​គាត់ដែរ។ ខ្ញុំ​សូម​ចែក​រំលែក​ពី​អនុស្សាវរីយដែល​ខ្ញុំ​ បាន​ចុះ​យក​ព័ត៌មាន និង​ចូលរួម​ផ្សព្វផ្សាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម កន្លងទៅ​ថ្មីៗនេះ។​

នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​មាន​ឱកាស​ចុះ​យក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​ទាំងនេះ នៅកម្ពុជា ដែលកម្ពុជា​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​។ ​ព្រឹត្តិការណ៍​ស៊ីហ្គេម ជា​ព្រឹត្តិការណ៍ដែល​កម្ពុជា​រង់ចាំ​អស់​រយៈពេល ៦៣ឆ្នាំ​មកហើយ ហើយ​ព្រឹត្តិការណ៍​ស៊ីហ្គេម និង​ប៉ារ៉ាហ្គេម បាន​បញ្ចប់​ទៅ​ដោយ​ផ្លែ​ផ្កា និង​ជោគជ័យបំផុត Free Free Free

ធ្វើការផង គាំទ្រផង សប្បាយ​ផង អាណិតផង

ជា​អ្នក​សារព័ត៌មាន​ដែល​ប្រមូល​ព័ត៌មាន​ជូន​ទស្សនិកជន​ តែ​ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​កីឡាករ​កម្ពុជា​ផងដែរ។ សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ និង​ប៉ារ៉ាហ្គេមនេះ ខ្ញុំ​មាន​តួនាទី​ជា​អ្នក​រចនា​រូបភាព​ទាក់ទង​នឹង​ជ័យ​លាភី​មេដាយ សម្រាប់​សារព័ត៌មាន​ថ្មីៗ ដែលជា​ស្ថាប័ន​ខ្ញុំ​ធ្វើការ។ ពេល​កំពុង​ធ្វើ​ការ ខ្ញុំ​ក៏​បាន​តាម​ដាន​ការ​ប្រកួត​យ៉ាង​ជក់ចិត្ត​ផងដែរ នៅ​ក្នុង​បន្ទប់​មជ្ឈមណ្ឌល​ព័ត៌មាន​កណ្ដាល នា​ពហុកីឡជាតិ​មរតកតេជោ។

អ្វីដែល​រីករាយបំផុត នៅពេល​ដែល​ខ្ញុំ​ធ្វើ Poster ម្ចាស់​មេដាយមាស ​ព្រោះ​ពេលនោះ ខ្ញុំធ្វើផង តាមដានការ​ប្រកួតផង។ នៅពេល​អត្តពលិកខ្មែរឈ្នះភ្លាម ខ្ញុំ​ប្រញាប់​ផ្សាយ​រូបភាពនោះភ្លាម ដើម្បី​ផ្ដល់​ព័ត៌មាន​រហ័ស និង​ច្បាស់​ជូន​ប្រិយមិត្ត។ ព្រឹត្តិការណ៍នេះ បាន​បង្រៀន​ខ្ញុំ ឱ្យ​ចេះ​ធ្វើការ​ងារ​ជាក្រុម​ និង​លឿន​ជាង​មុន ព្រោះ​បើ​ផ្សាយ​យឺត គឺមិនអាច​ទាញ​អ្នក​ទស្សនា​មក​គាំទ្រ​ស្ថាប័ន​ខ្ញុំ​បាន​នោះទេ។

លើសពីនេះ ក្រោយ​ទំនេរ​ពី​ការ​ងារ​រចនា​រូបភាព ខ្ញុំ​ក៏​មាន​ឱកាស​ចុះ​ទៅ​កាន់​ទីតាំង​ប្រកួត​នីមួយៗផងដែរ។ អ្វី​ដែលខ្ញុំ​ចងចាំ​មួយទៀត គឺ​អំឡុងពេល​ការប្រកួត​ដណ្ដើម​មេដាយមាស របស់​អត្តពលិក​វាយសី គឺ​ខ្ញុំ​បាន​ទៅ​ទស្សនាផ្ទាល់ ហើយពេល​នោះ​ខ្មែរ បាន​មេដាយ​មាស ខ្ញុំ​ធ្វើ​Posterបណ្ដើរ មើល​បណ្ដើរ​។ ពេលនោះ​ពិតជា​សប្បាយ​មែន ហើយ​ខ្ញុំ​បាន​ថត​វីដេអូ​មួយគ្រាប់ចុង​ក្រោយ ដែល​ខ្មែរ​យក​ឈ្នះមីយ៉ាន់ម៉ាផងដែរ។ បច្ចុប្បន្ន វីដេអូនេះ មាន​អ្នក​ទស្សនាចំនួន ៣០ម៉ឺននាក់ផងដែរ។

គ្រាប់​សី​ចុង​ក្រោយ​ ជួយ​ក្រុម​កីឡា​វាយសីកម្ពុជា​​ ឈ្នះ​មេដាយមាស

សម្រាប់​ព្រឹត្តិការណ៍​ប៉ារ៉ាហ្គេម ហាក់​ខុសប្លែក​ពី​ស៊ីហ្គេម ព្រោះ​ក្នុងការ​ប្រកួត​ មាន​ភាព​អាណិត​ច្រើនជាង​សប្បាយ។ ប៉ារ៉ាហ្គេម បាន​បង្ហាញ​ខ្ញុំ​ពី​ភាព​ខំប្រឹង និង​តស៊ូ​របស់​អត្តពលិក មិន​រាថយ បើទោះបី​ពួកគាត់​មាន​ពិការភាព​ក៏​ដោយ។ បើ​និយាយ​ពី​ប៉ារ៉ាហ្គេម​វិញ ខ្ញុំ​បាន​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​មិនតិចទេ ហើយ​វីដេអូ​មួយចំនួន ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គមផងដែរ។ (មិនអួតទេ តែ​ជា​ការ​ពិត)

ក្រៅ​ពី​បង្ហាញ​ពី​សមត្ថភាព​របស់​អត្តពលិក ខ្ញុំ​ និង​សហការី​ផ្សេង​ទៀត ក៏​បាន​បង្ហាញពី​ក្ដី​ស្រឡាញ់ និង​ការ​អាណិតអាសូរ​ដល់​កីឡាករ​កីឡាការិនី។ ខ្ញុំ​ក៏​ចាំ​មិន​ភ្លេច​ នៅ​វីដេអូមួយ ដែល​បង្ហាញ​ពី​សកម្មភាព​កុមារ សាន រតនៈ កូន​ប្រុស​របស់​កីឡាករ​ យី សុខសាន ដែល​បាន​ទៅ​លើកទឹកចិត្ត​ឪពុក​ ក្រោយ​ការ​ប្រកួត​។ វីដេអូ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គណនី​ថ្មីៗ ដោយមាន​អ្នក​ទស្សនាជិត ៣២ម៉ឺននាក់។ (នៅមាន​វីដេអូ ម្ដាយ​ស្រែក​ហៅឈ្មោះមួយទៀត ក៏​មាន​អ្នក​ទស្សនាច្រើនដែរ)

កូន​ប្រុសស្រក់ទឹកភ្នែក​ អាណិតឪពុក​ ដែលមិនអាច​ដណ្ដេីមបានមេដាយ

គេមើលច្រើន សប្បាយចិត្ត និង​ចង់​ផលិត​ផ្សាយ​ទៀត 

ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​រចនា​រូបភាព (Poster)នោះទេ តែ​ខ្ញុំ​ចូលចិត្តវា។ នៅ​ពេល​ប្រជុំ​ក្រុមការងារ​សម្រាប់​ព្រឹត្តិការណ៍ទាំងនេះ ខ្ញុំ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ចាត់តាំង​ឱ្យ​រចនា​រូបភាព​ មេដាយមាស ប្រាក់ សំរិទ្ធ និង​រូបភាព​ផ្សេងៗ។ ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម Poster មួយ​របស់​ខ្ញុំ មាន​អ្នក​ចុចចូលចិត្ត​ជិត ១ម៉ឺននាក់​ និង​ចែក​រំលែកជិត ៥ពាន់នាក់ ចំនួននេះ ពិតជាច្រើនណាស់​។

បើនិយាយពី​ Poster មេដាយ​មាសវិញ នៅពេល​បាន​ចេញ​លឿនជាង​ស្ថាប័នដទៃ គឺ​មាន​អ្នក​ចែក​រំលែកច្រើនៗមែនទែន ជាពិសេស​កីឡាករកីឡាការិនី​ល្បីៗ ហើយ​ជា​អត្តពលិកខ្មែរ។ ចំណុចនេះ បង្រៀន​ខ្ញុំ​ពី​ភាពច្បាស់​លាស់ និង​ប្រាកដ​ ទើប​យើង​អាច​ទទួលបាន​ភាគ​ជោគជ័យ។ បន្ថែម​លើនេះ មិនត្រូវ​ខ្ជីខ្ជា ឬ​ខ្ជិលច្រអូសបាន​ទេ។ 

ចេញ​ពី​ផ្ទះ​ព្រលឹម ចូល​ផ្ទះវិញ​យប់ជ្រៅ

អ្នក​ដែល​ចុះ​យកព័ត៌មាន​ រួមទាំង​អ្នក​រៀបចំ​កម្មវិធី ប្រហែលមិនខុស​ពី​ខ្ញុំឡើយ។ រៀងរាល់ព្រឹក​ខ្ញុំ ទៅ​ចេញ​ដំណើរ​ពីផ្ទះ​ម៉ោង​ប្រហែល ៧ព្រឹក ឆ្ពោះ​ទៅ​ពហុកីឡដ្ឋានជាតិ​មរតក​តេជោ ដែលជា​ទីតាំង​ខ្ញុំ​ប្រចាំ​ការ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​ប៉ារ៉ាហ្គេម។ ក្រោយ​បញ្ចប់ការ​ងារ​ខ្ញុំ និង​សហការី​ ត្រូវ​ត្រឡប់ទៅផ្ទះវិញ ពេល​ខ្លះ​ត្រូវជិះ​កាត់ភ្លៀង​ទាំងយប់ក៏មាន។ ពេល​មក​ដល់ផ្ទះ ការងារ​ខ្ញុំមិនទាន់បញ្ចប់ទេ ព្រោះខ្ញុំត្រូវ​ធ្វើ​តារាង​មេដាយ​សរុប​។ ពេលនោះខ្ញុំចូលរួម​ម៉ោង​១២ ឬលើសនេះក៏មាន ព្រោះ​ត្រូវបំពេញ​ភារកិច្ចឱ្យរួចទើប​សម្រាក បើ​មិនអ៊ីចឹងទេ ស្អែក​នឹង​មាន​អ្វី​ថ្មីបន្ថែមទៀត។

បើទោះបី​ត្រូវ​ចេញ​ពី​ផ្ទះ​លឿន និង​ចូលផ្ទះ​យឺត តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ងារ​នេះ ព្រោះ​អ្វី​ដែលខ្ញុំបាន​ធ្វើ​ភាគច្រើន​មាន​ការ​គាំទ្រ។ ខ្ញុំ​នៅតែ​មាន​កម្លាំងចិត្ត នៅពេល​មាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ហើយ​ជា​កម្លាំង​ជំរុញ​ខ្ញុំឱ្យ​ធ្វើ​កិច្ចការ​នេះ​បន្តទៀត។

ក្នុង​ព្រឹត្តិការណ៍នេះ ខ្ញុំ​គិតថា​ខ្លួន​ឯងពិត​ជា​ទទួល​បាន​ភាព​ជោគជ័យណាស់។ ទោះបី​ខ្ញុំ​មាន​គ្រួសារ មាន​កូនតូច តែ​ខ្ញុំ​នៅតែ​អាច​មក​បំពេញ​ការងារ​យ៉ាង​ពេញ​លេញ​ មិន​មាន​ការ​ហាម​ឃាត់ ឬបិទសិទ្ធិឡើយ។ ខ្ញុំ​មាន​ការ​គាំទ្រពី​ស្វាមី ជាពិសេស​គាត់តែងតែជូនខ្ញុំមក​បំពេញការងារ និង​មក​ទទួលខ្ញុំផងដែរ គ្រាន់តែពេល​គាត់​រវល់ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​មក​ដោយ​ខ្លួន​ឯង។ អ្វីដែល​មិនអា​ច​បំភ្លេចបាន គឺ​អរគុណ​ម្ដាយខ្ញុំ ដែល​ជួយ​មើលថែកូនប្រុស​របស់ខ្ញុំ តាំង​ពី​ព្រលឹម​ដល់យប់ ទាំង​ពី​ថ្ងៃ​ចន្ទ​ដល់អាទិត្យ រហូត​ខ្ញុំ​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍នេះ ហើយ​អរគុណបង​ប្អូនផងដែរ។

រៀនសូត្រពី​អ្នកសារព័ត៌មាន​ក្នុង​ស្រុក និ​ងក្រៅ​ស្រុក

ព្រឹត្តិការណ៍​នេះ ក៏​បាន​បង្រៀន​ខ្ញុំ ពី​របៀប​ធ្វើការ​របស់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​បន្ទប់​MPC ឬ​នៅ​ទីតាំងប្រកួត​ដទៃផងដែរ។ អ្នក​សារព័ត៌មាន​ ជា​ផ្នែក​ដ៏សំខាន់ ដែលជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ ទៅ​កាន់​ប្រិយមិត្ត។ ខ្ញុំ​អាច​រៀន​សូត្រពី​ភាព​រហ័ស​របស់​អ្នក​សារព័ត៌មាន​បរទេស និង​របៀប​ប្រមូល​ព័ត៌មាន​របស់​ពួកគាត់។ ក្នុង​ព្រឹត្តិការណ៍នេះ ខ្ញុំ​ឃើញមាន​អ្នក​សារព័ត៌មាន​វ័យ​ចំណាស់​ជាច្រើន ម​ក​ពី​បណ្ដា​ប្រទេស​មួយចំនួន ដែល​ធ្វើការ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដ្បិត​ពួកគាត់​ចាស់ តែ​ការងារ និង​អាជីព​របស់​ពួក​គាត់ គឺមាន​តម្លៃ។

ជាមួយគ្នានេះ ក្នុង​ព្រឹត្តិការណ៍នេះ ក៏​ទាម​ទារ​ឱ្យ​អ្នក​សារព័ត៌មាន មាន​ភាព​ក្លាហាន ក្នុង​ការ​ស្នើ​សុំ​ប្រភព​ដើម្បី​សម្ភាស និង​បញ្ចុះ​បញ្ចូល​ដល់​ប្រភព ដើម្បី​បាន​សម្ភាសផងដែរ។ ពេល​អត្តពលិកឈ្នះ យើង​សប្បាយ​សម្ភាស ចុះ​ពេល​អត្ត​ពលិកចាញ់ យើង​គួរ​សួរ​បែបណា? នេះជា​សំណួរ​ដែលខ្ញុំ​តែងតែគិត មុន​នឹង​ហុច​ក្បាល​មេក្រូ​សួរ​កីឡាករកីឡាការិនី ឬ​គ្រូ​បង្វឹក។

អ្វីដែលសំខាន់ ខ្ញុំ​ក៏ចេះ និង​ប្រុង​ប្រយ័ត្ន​ពាក្យ​ពេចន៍​ ដែល​ប្រើ​ជា​មួយ​អត្តពលិក​មាន​ពិការ​ភាព​ផងដែរ។ ពេល​ខ្លះ​យើង​ភ្លេច​ខ្លួន អាច​ធ្វើ​ឱ្យ​អ្នកទស្សនា​ទើសភ្នែក ឬ​ត្រចៀក នៅពេលដែល​បញ្ចេញ​សម្ដី​មិន​សមរម្យ។

អរគុណ

ខ្ញុំ​សូម​អរគុណ​ដល់ភាគី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​ពលរដ្ឋកម្ពុជា ដែល​ចូលរួមចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំង​ពីរនេះ បញ្ចប់ទៅ​ដោយ​ជោគជ័យ​ក្រៃលែង។ សូម​អរគុណ​ដល់​សារព័ត៌មានថ្មីៗ​ដែល​ផ្ដល់​ឱកាស​ដល់ខ្ញុំ បាន​ចូលរួម​បេសកកម្មដ៏​អស្ចារ្យមួយនេះ។ អរគុណ​ដល់​សហការីគ្រប់ផ្នែក ដែល​សាមគ្គី​គ្នា និង​ជួយ​គ្នា​ រហូត​សារព័ត៌មាន​ថ្មីៗ ទទួលបាន​ភាព​លេចធ្លោ​ក្នុង​ព្រឹត្តិការណ៍ទាំងនេះ។ «បើ​មិនបាន​ចុះយក​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍នេះ ខ្ញុំ​ពិតជា​ស្ដាយ​ ស្ដាយ​ដែលមិនបាន​ចូលរួម​ផ្សព្វផ្សាយ។ ប៉ុន្តែពេលនេះ ខ្ញុំបាន​ធ្វើ​វា​ដោយ​ក្ដី​សប្បាយ និង​មាន​ន័យ​បំផុត ក្នុង​អាជីព​ជាអ្នកសារព័ត៌មាន»។ អូ!ភ្លេច...ចង់និយាយថា មាន​ប្ដី​មាន​កូនមែន តែ​មិនមែន​មិន​អាច​ធ្វើ​អ្វី​បាន​នោះទេ យើង​សុទ្ធតែអាចធ្វើ​អ្វីបាន​ នៅពេល​មាន​ការ​គាំទ្រ​ពី​គ្រួសារ(អរគុណ​បង​សម្លាញ់)៕


សូមទោស​បើមាន​សរសេរទៅមាន​អ្វី​លើស ព្រោះនេះជា​ចំណាប់អារម្មណ៍ខ្ញុំ​ក្នុង​ព្រឹត្តិការណ៍នេះ​ប៉ុណ្ណោះ...




Comments