អភិបាលខេត្តពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងអភិបាលរងខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង បានរួមដំណើរជាមួយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ជិះឧទ្ធម្ភាគចក្រមើលផ្ទៃបឹងទន្លេសាប កាលពីថ្ងៃទី២៥ ខែមិថុនា។ ដំណើរបេសកកម្មនេះ ធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តចំនួន៥ខាងលើ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធនៃក្រសួងកសិកម្ម និងអាជ្ញាធរ បានធ្វើដំណើរទៅពិនិត្យមើលស្ថានភាពតំបន់ឡូដ៍ ឬជម្រុកត្រីសំខាន់ៗនៅតាមបណ្តាខេត្តទាំង៥ រួមមាន តំបន់ឆ្នុកទ្រូ, ជ្រោយស្តី, កំពង់ប្រាក់, បឹងទន្លេឆ្មារ, កំពង់ភ្លុក និងព្រែកទាល់ផងដែរ។
![](https://image.thmeythmey.com/pictures/2023/06/27/ew__3_.jpg)
ផ្ទៃបឹងទន្លេសាប ថតពីលើអាកាស។ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ការចុះពិនិត្យស្ថានភាពលើផ្ទៃបឹងទន្លេសាបនាពេលនេះ ធ្វើឡើងក្នុងអំឡុងរដូវបិទនេសាទ ចាប់ពីខែមិថុនា រហូតដល់ខែតុលា។ ក្រសួងកសិកម្ម បញ្ជាក់ថា ចាប់ពីខែមិថុនាដល់ខែតុលា ជាពេលវេលាដ៏សំខាន់ សម្រាប់ប្រភេទត្រីធ្វើចរាចរណ៍ផ្លាស់ទី និងបន្តពូជរកចំណី ក្នុងនោះមាន ត្រីរៀលតុប និងរៀលអង្កាម។
ក្នុងដំណើរបេសកកម្មនោះ លោក ឌិត ទីណា ក៏បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ត្រីជំនាញជលផល និងអាជ្ញាធរពាក់ព័ន្ធ រួមគ្នាស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយឃាត់ខ្លួនជនសង្ស័យណាប្រើប្រាស់ឧបករណ៍ខុសច្បាប់ បំផ្លាញធនធានមច្ឆជាតិ និងផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា ក្នុងដំណើរបេសកកម្មខាងលើ ក៏មានវត្តមានលោក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ៅ ពៅ អនុប្រធានសេនាធិការនៃអគ្គស្នងការនគរបាលជាតិ និងលោក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍នៃអគ្គស្នងការនគរបាលជាតិផងដែរ៕
![](https://image.thmeythmey.com/pictures/2023/06/27/ew__4_.jpg)
ផ្ទៃបឹងទន្លេសាប ថតពីលើអាកាស។ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Comments
Post a Comment