ដោយ៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា ស្នើឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) គួរតែគ្រប់គ្រងការផលិតពូជ ឈានទៅរកវិញ្ញាបនប័ត្រពូជស្រូវ និងបន្តពង្រីកខ្លួនរហូតដល់ក្លាយជារាជបណ្ឌិត្យសភាកសិកម្មនាថ្ងៃខាងមុខ។ ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោក ឌិត ទីណា ធ្វើទស្សនកិច្ចត្រួតពិនិត្យសកម្មភាពការងារ និងសំណេះសំណាលជាមួយមន្ត្រី និងបុគ្គលិកនៃវិទ្យាស្ថានកាឌី កាលពីថ្ងៃទី ១៦ មករា។
ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យលទ្ធភាពដាំដុះពូជស្រូវចំប៉ីស៧០ និងត្រួតពិនិត្យសំណាប រួមទាំងស្វែងយល់ពីបច្ចេកទេសជាលិកាវប្បកម្ម។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាសសំណេះសំណាល ជាមួយមន្ត្រី និងបុគ្គលិកនៃវិទ្យាស្ថាន CARDI។ រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នាឱកាសសំណេះសំណាល ជាមួយមន្ត្រី និងបុគ្គលិកនៃវិទ្យាស្ថាន CARDI រដ្ឋមន្រ្តីក្រសួងកសិកម្ម ប្រាប់ឱ្យវិទ្យាស្ថានត្រូវបន្តជំរុញការស្រាវជ្រាវលើការងាររបស់ខ្លួនឱ្យអស់លទ្ធភាព និងបន្តធ្វើលើដំណាំស្រូវឱ្យមាននិរន្តរភាព។ ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានស្នើឱ្យវិទ្យាស្ថានគួរតែគ្រប់គ្រងការផលិតពូជ ឈានទៅរកវិញ្ញាបនប័ត្រពូជស្រូវ និងបន្តពង្រីកខ្លួន រហូតដល់ក្លាយជារាជបណ្ឌិត្យសភាកសិកម្មនាថ្ងៃខាងមុខ។
បើតាមហ្វេសប៊ុកក្រសួងកសិកម្ម លោក ឌិត ទីណា ក៏បន្តជំរុញដល់វិទ្យាស្ថាន CARDI គួរគិតគូរពីប្រសិទ្ធភាព និងនិរន្ដរភាពសេដ្ឋកិច្ចរបស់ខ្លួន ដោយត្រូវមានការសហការជាមួយក្រុមហ៊ុនដៃគូនានា។ សូមបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា (CARDI) មានទិសដៅបង្កើត និងជំរុញការប្រើប្រាស់ឱ្យបានទូលាយនូវបច្ចេកទេសល្អៗ ដើម្បីគាំទ្រដល់កំណើនវិស័យកសិកម្ម៕
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Comments
Post a Comment