ភ្នំពេញ៖ រដ្ឋបាលក្រុងកែប មិនអនុញ្ញាតឱ្យអាជីវករនៅតំបន់ផ្សារក្ដាម ប្រើជញ្ជីងយួរដៃ និងដើរចាប់ភ្ញៀវលើផ្លូវសាធារណៈទៀតនោះទេ។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកែប ដែលចេញផ្សាយថ្ងៃទី១៣ មករា បញ្ជាក់ថា ក្នុងករណីអាជីវករមិនចូលរួមសហការ អាជ្ញាធរនឹងចុះរៀបចំសណ្ដាប់ធ្នាប់ និងយកសម្ភារមករក្សាទុក ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលក់ រួមទាំងពិន័យតាមច្បាប់ផងដែរ។
ក្នុងរយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរទៅកម្សាន្តនៅក្រុងកែប ហាក់មិនពេញចិត្តចំពោះការលក់ដូររបស់អាជីវករមួយចំនួននៅតំបន់ផ្សារក្ដាម ដែលថ្លឹងទំនិញមិនគ្រប់គីឡូក្រាម។ ចំពោះបញ្ហានេះ រដ្ឋបាលក្រុងកែប បានមើលឃើញពីការរិះគន់របស់ភ្ញៀវទេសចរ និងបានអំពាវនាវដល់អាជីវករថ្លឹងទំនិញឱ្យត្រឹមត្រូវ។
![](https://image.thmeythmey.com/pictures/2023/01/16/q__3_.jpg)
លោក ខេង យ័ន អភិបាលក្រុងកែប។ រូបភាពពីរដ្ឋបាលក្រុងកែប។
ដើម្បីរក្សានៅសណ្ដាប់ធ្នាប់ បរិស្ថាន និងកិត្តិយសទីក្រុងទេសចរណ៍ដ៏ប្រណីត លោក ខេង យ័ន អភិបាលក្រុងកែប បានប្រាប់ឱ្យអាជីវករនៅតំបន់ផ្សារក្ដាម ត្រូវរៀបចំកន្លែងលក់ដូរឱ្យមានសោភ័ណភាពរបៀបរៀបរយ។ «មិនអនុញ្ញាតឱ្យប្រើជញ្ជីងយួរដៃជាដាច់ខាត ជញ្ជីងត្រូវមានបិទសញ្ញាសម្គាល់របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យបានត្រឹមត្រូវ»។ នេះជាការណែនាំរបស់អភិបាលក្រុងកែប ដោយបន្តថា មិនអនុញ្ញាតឱ្យដើរចាប់ភ្ញៀវនៅលើផ្លូវសាធារណៈនោះទេ។
ទន្ទឹមនឹងនេះ អាជីវករដែលលក់ដូរនៅតំបន់ផ្សារក្ដាមទាំងអស់ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ នៅពេលលក់ដូរចប់។ បើតាមសេចក្ដីជូនដំណឹងខាងលើ ក្នុងករណីអាជីវករមិនអនុវត្តតាម អាជ្ញាធរក្រុងកែប នឹងចុះរៀបចំសណ្ដាប់ធ្នាប់ និងយកសម្ភារមករក្សាទុក ដោយធ្វើកិច្ចសន្យាបញ្ឈប់ការលក់ រួមទាំងពិន័យតាមច្បាប់ផងដែរ៕
![](https://image.thmeythmey.com/pictures/2023/01/16/q__1_.jpg)
រូបភាពពីរដ្ឋបាលក្រុងកែប។
![](https://image.thmeythmey.com/pictures/2023/01/16/q__2_.jpg)
រូបភាពពីរដ្ឋបាលក្រុងកែប។
Comments
Post a Comment