កូវីដធូរស្បើយ លោក ហួរ ជួប វិលមកការងារមគ្គុទ្ទេសក៍វិញ ក្រោយក្លាយជាអ្នកម៉ៅការ និងបុគ្គលិកធនាគារមួយរយៈ
ភ្នំពេញ៖ លោក ហួរ ជួប ជាមគ្គុទ្ទេសក៍ទេសចរណ៍ នៅក្នុងខេត្តសៀមរាប រយៈពេលជិត១០ឆ្នាំមកហើយ។ ប៉ុន្តែបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យលោកបោះបង់ការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ ទៅប្រឡូកការងារជាអ្នកម៉ៅការ និងជាបុគ្គលិកធនាគារមួយរយៈ។ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ធូរស្បើយធ្វើឱ្យលោក ហួរ ជួប វិលមកការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ ដែលជាប្រភពចំណូលដ៏សំខាន់ជួយសេដ្ឋកិច្ចគ្រួសារ។
មានស្រុកកំណើត នៅស្រុកក្រឡាញ់ ខេត្តសៀមរាប លោក ហួរ ជួប បានបម្រើការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងឆ្នាំ២០១៣ ដែលផ្ដោតលើភាសាជប៉ុន, អង់គ្លេស និងភាសាខ្មែរនៅរមណីយដ្ឋានអង្គរ។ ការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ បានផ្ដល់នូវប្រាក់ចំណូលខ្ពស់ដល់លោក ហួរ ជួប។ បុរសវ័យ៣៨ឆ្នាំនេះ ពេញចិត្តនឹងការងាររបស់ខ្លួន ដែលអាចរកបានទាំងថវិកា និងអាចចែករំលែកចំណេះដឹងពីវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមទាំងសិស្ស និស្សិត។
មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ រៀបរាប់ដូច្នេះ៖ «ការងារទេសចរណ៍ យើងគិតថាជាការងារដែលស្រស់ស្រាយ និងងាយស្រួល។ បើនិយាយពីសេវាកម្ម គឺយើងទន់រហូតតាំងពីដើមដល់ចប់។ ហើយការបម្រើភ្ញៀវវិញ យើងត្រូវគោរពពួកគាត់ និងគោរពពេលវេលា។ ព្រោះយើងជាអ្នកផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ដួងព្រលឹងជាតិ។ សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តណាស់ ខ្ញុំលះបង់ចេញពីបេះដូង»។
មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ រៀបរាប់ដូច្នេះ៖ «ការងារទេសចរណ៍ យើងគិតថាជាការងារដែលស្រស់ស្រាយ និងងាយស្រួល។ បើនិយាយពីសេវាកម្ម គឺយើងទន់រហូតតាំងពីដើមដល់ចប់។ ហើយការបម្រើភ្ញៀវវិញ យើងត្រូវគោរពពួកគាត់ និងគោរពពេលវេលា។ ព្រោះយើងជាអ្នកផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ដួងព្រលឹងជាតិ។ សម្រាប់ខ្ញុំ ខ្ញុំចូលចិត្តណាស់ ខ្ញុំលះបង់ចេញពីបេះដូង»។
![](https://image.thmeythmey.com/pictures/2022/10/30/k__2_.jpg)
លោក ហួរ ជួប ថតរូបជា_មួយភ្ញៀវទេសចរបរទេស
លោក ហួរ ជួប ចាត់ទុកការងារនេះ ជាឆ្នាំងបាយដ៏សំខាន់សម្រាប់លោក និងគ្រួសារ។ ប៉ុន្តែបញ្ហាជាសាកល គឺជំងឺកូវីដ-១៩ បានវាយប្រហារវិស័យទេសចរណ៍ ដែលជាប្រភពចំណូលចំបងរបស់លោក។ មគ្គុទ្ទេសក៍រូបនេះ បានឈប់ពីការងារព្រោះគ្មានភ្ញៀវទេសចរ ដោយងាកមកធ្វើជាអ្នកម៉ៅការ តបណ្ដាញទឹក តភ្លើង និងធ្វើទូកាហ្វេសម្រាប់លក់ ដើម្បីផ្គត់ផ្គង់ជីវភាព។
ការងារទាំងនេះ មិនមានភាពងាយស្រួលសម្រាប់បុរសមាឌតូច រាងស្ដើងរូបនេះឡើយ។ ក្រោយធ្វើការងារនេះបានមួយរយៈ លោក ហួរ ជួប បានសម្រេចចិត្តឈប់ ដោយសារសុខភាពមិនអំណោយផល និងមិនអាចស៊ូទ្រាំនឹងការផ្សាដែកបាន។ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចគ្រួសារឡើងវិញ លោក ហួរ ជួប បន្តដាក់ពាក្យចូលធ្វើការក្នុងធនាគារមួយនៅខេត្តសៀមរាប និងបានបម្រើការងារក្នុងវិស័យនេះ រយៈពេល ៧ខែផងដែរ។ ការងារក្នុងវិស័យហិរញ្ញវត្ថុ ជាការងារខុសពីជំនាញមគ្គុទ្ទេសក៍ដែលលោកសិក្សា តែបានផ្ដល់មេរៀនថ្មីសម្រាប់លោក។ «ខុសគ្នាច្រើន ពីមុនខ្ញុំមិនដែលស្គាល់វិស័យធនាគារទេ។ ប៉ុន្តែធ្វើការបាន៧ខែ ខ្ញុំយល់ពីអត្រាការប្រាក់ និងការទំនាក់ទំនងផ្សេងៗ»។ នេះជាការបញ្ជាក់របស់លោក ហួរ ជួប។
ក្រោយភ្លៀង មេឃស្រឡះ! បច្ចុប្បន្នជំងឺកូវីដ-១៩នៅកម្ពុជា បានធូរស្បើយច្រើន ដែលផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចធ្វើដំណើរកម្សាន្តនៅជុំវិញពិភពលោកឡើងវិញ។ នៅខែតុលានេះ លោក ហួរ ជួប បានលាឈប់ពីការងារធនាគារ មកប្រឡូកការងារជាមគ្គុទ្ទេសក៍ទេសចរណ៍វិញ។
![](https://image.thmeythmey.com/pictures/2022/10/30/aa01.jpeg)
ការងារដែលលោក ហួរ ជួប ធ្វើកាលរងផលប៉ះពាល់ដោយសារកូវីដ-១៩
លោក ហួរ ជួប មើលឃើញចរន្តភ្ញៀវទេសចរងើបឡើងវិញ ដែលជំរុញឱ្យលោកវិលមករកការងារចាស់។ អ្នកខេត្តសៀមរាបរូបនេះ បរិយាយបែបនេះ៖ «អំឡុងពេលនេះ គេចាប់ផ្ដើមបើកព្រលានគ្រប់ប្រទេសអស់ហើយ។ អ៊ីចឹង យើងចាប់ផ្ដើមសហការជាមួយក្រសួងទេសចរណ៍ ដោយពង្រឹងទាំងអ្នកពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ហើយយើងរួបរួមគ្នា។ ខ្ញុំគិតថា ខែ១១-១២នេះ មានភ្ញៀវច្រើន ព្រោះតាមភ្នាក់ងារទេសចរណ៍មួយចំនួន មានភ្ញៀវកក់អស់ដែរ»។
បើតាមលោក ហួរ ជួប ទោះចរន្តទេសចរណ៍មានដង្ហើមឡើងវិញ តែមគ្គុទ្ទេសក៍មួយចំនួន មិនហ៊ានត្រឡប់មកប្រឡូកក្នុងវិស័យនេះនៅឡើយទេ ព្រោះនៅមិនទុកចិត្ត។ ការមិនទុកចិត្ត ក៏ព្រោះតែមគ្គុទ្ទេសក៍ទាំងនោះ មិនមានធួរប្រចាំ និងគិតថាមានមគ្គុទ្ទេសក៍ច្រើន។ មួយវិញទៀត មគ្គុទ្ទេសក៍ទាំងនោះ មួយចំនួនកំពុងចំណាកស្រុកធ្វើការនៅប្រទេសថៃ ខ្លះធ្វើការនៅជប៉ុន និងខ្លះទៀតប្រកបរបរផ្សេងៗ។
![](https://image.thmeythmey.com/pictures/2022/10/30/k__1_.jpg)
លោក ហួរ ជួប ថតរូបជា_មួយភ្ញៀវទេសចរបរទេស
ភាពវ័យឆ្លាត រហ័សរហួន និងសិល្បៈនៃការបកស្រាយរបស់លោកច្បាស់លាស់ បានទាក់ចិត្តភ្ញៀវទេសចរ និងនាំឱ្យមានអ្នកជួលសេវាកម្មលោកកាន់ច្រើន។ «ទាក់ទងនឹងសេវាកម្មទេសចរណ៍ ទាល់តែយើងដើរឱ្យល្អ បានគេអាចទុកលេខទូរសព្ទយើង។ មគ្គុទ្ទេសក៍ទេសចរណ៍ច្រើន ហេតុអ្វីមគ្គុទ្ទេសក៍ខ្លះ គ្មានការងារធ្វើ? គឺដោយសារសមត្ថភាព។ មិនមែនចេះត្រឹមភាសាទេ តែត្រូវចេះវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនាផ្សេងៗ។ អ៊ីចឹង ទើបយើងអាចទៅរួច»។ នេះជាការលើកឡើងរបស់លោក ហួរ ជួប។
ក្រៅពីផ្ដល់សេវាកម្មជាមគ្គុទ្ទេសក៍ដល់ភ្ញៀវទេសចរ លោក ហួរ ជួប ក៏ទទួលសិស្ស និស្សិត ដែលមកទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរផងដែរ។ បើតាមមគ្គុទ្ទេសក៍៣ភាសារូបនេះ ការរៀបរាប់បកស្រាយជាភាសាអង់គ្លេស ទទួលភ្ញៀវច្រើនជាងភាសាជប៉ុន ខណៈភ្ញៀវបរទេស ដូចជា បារាំង សិង្ហបុរី ថៃ និងហ្វីលីពីន តែងស្ដាប់ជាភាសាអង់គ្លេស។
![](https://image.thmeythmey.com/pictures/2022/10/30/k__3_.jpg)
លោក ហួរ ជួប ថតរូបជា_មួយភ្ញៀវទេសចរបរទេស
ការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ ពិតជាមានសារៈសំខាន់សម្រាប់លោក ហួរ ជួប។ លោក អធិប្បាយដោយក្ដីរីករាយថា៖ «បើសម្រាប់ខ្ញុំ ជាអ្នកស្រុកស្រែម្នាក់ នៅតែវត្ត និងមណ្ឌលកុមារកំព្រា ខ្ញុំមានដី មានផ្ទះ គឺដោយសារតែជំនាញមគ្គុទ្ទេសក៍នេះ។ ចំណូលដែលខ្ញុំរកបាន គឺការបកប្រែ ការបម្រើសេវាកម្មទេសចរណ៍នេះ។ វាសំខាន់សម្រាប់ខ្ញុំ សម្រាប់ជាតិសាសន៍យើង ដែលអាចអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត។ អ្នកធ្វើការជាមគ្គុទ្ទេសក៍នេះ គឺពួកគាត់ជាបុគ្គលសំខាន់សម្រាប់ជាតិណាស់ ដែលជួយការពារនូវអរិយធម៌របស់ខ្លួន ធ្វើឱ្យបរទេសស្គាល់កម្ពុជាផងដែរ»។
អតីតអ្នកស្នាក់នៅវត្តរូបនេះ លើកទឹកចិត្តដល់យុវជនគួរស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរ។ ដោយឡែក យុវជនដែលស្រឡាញ់វិស័យទេសចរណ៍ អាចរៀនសូត្រតាមជំនាញខ្លួនពេញចិត្ត។ ជាមួយគ្នានេះ ក្នុងនាមជាមគ្គុទ្ទេសក៍លោក ហួរ ជួប តែងមានក្ដីរំភើបនៅពេលភ្ញៀវកោតសរសើរពីកម្ពុជា ដែលជំរុញឱ្យលោកកាន់តែស្រឡាញ់វប្បធម៌ខ្មែរ និងសិក្សាស្រាវជ្រាវបន្ថែមទៀត។
គួរបញ្ជាក់ថា នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍សាកលលោក រំពឹងថានឹងមានភាពល្អប្រសើរ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញនៃចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ដែលទទួលបានឥទ្ធិពលវិជ្ជមានពីការបន្ធូរបន្ថយការរឹតត្បិត និងដករបាំងដែលជាលក្ខខណ្ឌនានាលើការធ្វើដំណើរ។ នេះបើតាមរបាយការណ៍សង្ខេបរបស់ក្រសួងទេសចរណ៍៕
![](https://image.thmeythmey.com/pictures/2022/10/30/aa02.jpg)
លោក ហួរ ជួប ពន្យល់សិស្សានុសិស្សនៅ_រមណីយដ្ឋានអង្គរ
![](https://image.thmeythmey.com/pictures/2022/10/30/aa03.jpeg)
លោក ហួរ ជួប មគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប។
Comments
Post a Comment