«ជំនាញ, លុយ, ទឹក, ដី, ភូមិសាស្រ្ត, តស៊ូ, ព្យាយាម និងម៉ឺងម៉ាត់» ទាំងនេះជាអ្វីដែលកសិករ ឬអ្នកប្រឡូកក្នុងវិស័យកសិកម្មទៅយល់ដឹង ដើម្បីអាចទទួលបានលទ្ធផល ឬក៏ជោគជ័យលើវិថីនេះ។ លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ រៀបរាប់ប្រាប់សារព័ត៌មាន Thmey Thmey 25បែបនេះ។
លោក ខៀវ សុខឡេង ជាម្ចាស់ចម្ការទុរេន រួមទាំងដំណាំហូបផ្លែជាច្រើនមុខ នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកដំបែ ខេត្តត្បូងឃ្មុំ។ បុរសវ័យ៥៨ឆ្នាំរូបនេះ ចាប់ផ្ដើមប្រឡូកក្នុងការងារកសិកម្មតាំងពីឆ្នាំ១៩៩៨ ដោយធ្វើការងារជាមន្រ្តីរាជការផង និងឆ្លៀតពេលចុងសប្ដាហ៍ធ្វើចម្ការផង។ ដំណាំដែលលោក សុខឡេង ដាំលើផ្ទៃដី៥០ហិកតារួមមាន កៅស៊ូ, ស្វាយចន្ទី, សាវម៉ាវ, មង្ឃុត និងទុរេន ខណៈទុរេនជាដំណាំចម្បងរបស់ក្រុមគ្រួសារលោក។
![](https://image.thmeythmey.com/pictures/2022/11/26/a__4_.jpg)
លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេននៅខេត្តត្បូងឃ្មុំ
កសិករដែលមានបទពិសោធជាង២០ឆ្នាំរូបនេះ បានប្រាប់ដល់យុវជន ឬអ្នកស្រឡាញ់វិស័យកសិកម្ម ត្រូវយល់ពីចំណុចសំខាន់ចំនួន៨ ទើបអាចជោគជ័យលើវិស័យកសិកម្ម។ ចំណុចសំខាន់ចំនួន ៨ ដែលជាបទពិសោធរបស់លោក សុខឡេង រួមមាន ជំនាញ, លុយ, ទឹក, ដី, ភូមិសាស្រ្ត, តស៊ូ, ព្យាយាម និងម៉ឺងម៉ាត់។ កសិករ សុខឡេង លើកឡើងថា៖«មនុស្សបើមិនមានជំនាញទេ មិនមានលុយទេ ធ្វើអ្វីមិនចេញទេ។ បើធ្វើកសិកម្ម មុននឹងទិញដី ត្រូវគិតលើដី ទឹក និងភូមិសាស្រ្ត។ ជាពិសេសត្រូវតស៊ូ ព្យាយាម និងម៉ឺងម៉ាត់»។
បើតាមលោក សុខឡេង «ជំនាញ» គឺផ្ដោតលើការចេះដឹងពីបច្ចេកទេស និងការថែទាំ ដែលទាមទារឱ្យកសិករត្រូវមានមុននឹងប្រឡូកក្នុងវិស័យនេះ។ ចំណែក «លុយ» ជាទុនដ៏សំខាន់។ រីឯ ដី កសិករត្រូវគិតពីប្រភេទដីនោះអាចដំណាំអ្វីបាន។ ដោយឡែក ទឹក ប្រសិនបើដីនោះមិនមានទឹក នោះកសិករនឹងមិនអាចដាំដំណាំបានឡើយ។ ចំពោះ ភូមិសាស្រ្ត ផ្ដោតលើទីតាំងអំណោយផលសម្រាប់ដំណាំ ដែលមិនបង្កបញ្ហាដល់ដំណាំ ដូចជាបញ្ហាអាកាសធាតុ ខ្យល់ខ្លាំងជាដើម។ សម្រាប់ការតស៊ូ, ព្យាយាម និងម៉ឺងម៉ាត់វិញ សំដៅដល់ការមិនបោះបង់នៅពេលជួបបញ្ហា ជាពិសេសត្រូវមានភាពច្បាស់ការនឹងការងារ។
![](https://image.thmeythmey.com/pictures/2022/11/26/261120221531aa.jpg)
ដំណាំដែលលោក ខៀវ សុខឡេង បានដាំ។
![](https://image.thmeythmey.com/pictures/2022/11/26/261120221531aa.jpg)
ដំណាំដែលលោក ខៀវ សុខឡេង បានដាំ។
ទម្រាំទទួលបានលទ្ធផលល្អនាពេលបច្ចុប្បន្ននេះ លោក ខៀវ សុខឡេង បានជួបបញ្ហាប្រឈមជាច្រើន។ «កាលឆ្នាំ១៩៩៨ ខ្ញុំប្រឈមច្រើនណាស់ ដោយសារភ្លៀងខ្លាំង និងជំងឺដំណាំធ្វើទុក្ខ។ អ៊ីចឹងខ្ញុំខំប្រឹងយកបទពិសោធពីខាងកំពតផង ពីខាងថៃផង ដើម្បីរៀនពីការដាំដុះ និងថែទាំរបស់គេ»។ នេះជាការបញ្ជាក់របស់ម្ចាស់ចម្ការទុរេន សុខឡេង។
ទោះមិនចេះអក្សរ តែលោក សុខឡេង មិនដែលបោះបង់ការតស៊ូ ព្យាយាម ក្នុងវិស័យកសិកម្មនេះឡើយ។ លោក សុខឡេង បានធ្វើដំណើរទៅខេត្តមួយចំនួន និងប្រទេសថៃ វៀតណាម ដើម្បីសិក្សាបន្ថែមពីការដាំដុះដំណាំទុរេនឱ្យបានល្អ។ ក្រៅមានបទពិសោធច្បាស់ក្នុងការងារដាំដុះដំណាំហូបផ្លែ លោក សុខឡេង តែងចែករំលែកចំណេះដឹងដល់កសិករ និងអ្នកស្រឡាញ់កសិកម្ម តាមរយៈបណ្ដាញសង្គម និងចែករំលែកនៅចម្ការរបស់លោកផ្ទាល់។
![](https://image.thmeythmey.com/pictures/2022/11/26/a__3_.jpg)
ទុរេនរបស់លោក ខៀវ សុខឡេង។
បច្ចុប្បន្ន មន្រ្តីចូលនិវត្តន៍រូបនេះ មានទុរេនជាង ២ពាន់ដើម ក្នុងនោះទុរេនដែលអាយុ២៣ឆ្នាំ មានចំនួន៣០០ដើម និងបានហុចផលប្រមាណ ១៥០តោនក្នុងមួយឆ្នាំ។ លោក ពេញចិត្តនឹងជីវភាពរបស់លោកក្នុងបច្ចុប្បន្ន ដែលអាចជួយផ្គត់ផ្គង់គ្រួសារបានសមរម្យ។ លើសពីនេះ ម្ចាស់ចម្ការទុរេនរូបនេះ ក៏បានផ្ដល់ការងារដល់អ្នកដែលជួយការងារក្នុងចម្ការរបស់លោកចំនួន ២៥នាក់ផងដែរ។
កសិករចាស់វស្សារូបនេះ ផ្ដាំផ្ញើដូច្នេះ៖ «បងប្អូនកសិករ ដែលដាំដំណាំ សូមកុំដាំដំណាំតែមួយមុខ។ មានស្វាយចន្ទី មានកៅស៊ូ និងដំណាំហូបផ្លែផ្សេងៗខ្លះទៅ ដាំដំឡូងខ្លះទៅ។ បើអាមួយលក់មិនចេញ អាចផ្សេងលក់ចេញ។ ខ្ញុំធ្វើអ៊ីចឹង ទើបខ្ញុំឈ្នះ»។ បើតាមលោក សុខឡេង កសិករដែលដាំតែមួយមុខ ខ្លះជួបបញ្ហា តែលោក នៅតែអាចឈរជើងដល់បច្ចុប្បន្ន៕
ដោយ៖ ញឹក ស្រីល័ក្ខ (Thmey Thmey 25)
Comments
Post a Comment