សិក្ខាកាមដ៏ជោគជ័យចំនួន ៣រូប ឆ្លៀតពេលដ៏មមាញឹកបន្តចែករំលែកចំណេះដឹងផ្នែកបដិសណ្ឋារកិច្ចដល់យុវជនជំនាន់ក្រោយ
ដោយ: ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ ការគួបផ្សំគ្នារវាងបំណងប្រាថ្នា និងការតស៊ូ យុវជនចំនួន ៣រូបបានវិវត្តខ្លួនក្លាយជាម្ចាស់អាជីវកម្មដ៏ជោគជ័យ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចកម្ពុជា (ហូកា)។ ភាពជោគជ័យនេះ បានជំរុញលើកទឹកចិត្តអ្នកទាំងបីក្លាយជាគ្រូបង្គោលហូកា ដោយបន្តចែករំលែកចំណេះដឹង និងជំនាញរបស់ខ្លួនទៅកាន់យុវជនជំនាន់ក្រោយជាពិសេសបុគ្គលិកក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ក៏ដូចជាចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។---
លោក អ៊ុល វិទូ ជាម្ចាស់ហាងកាហ្វេ The Coffee Time ដែលមានទីតាំងនៅក្រុងក្រចេះ ខេត្តក្រចេះ និងជាអតីតសិក្ខាកាមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)។ ក្រៅពីជាអ្នកគ្រប់គ្រងហាងកាហ្វេ បច្ចុប្បន្នលោក វិទូ ក៏ជាគ្រូបង្គោលមួយរូបក្នុងគម្រោងហូកា ដោយបានបណ្ដុះបណ្ដាលដល់យុវជនជាច្រើនក្នុងខេត្តក្រចេះ។
![](https://image.thmeythmey.com/pictures/2022/05/27/ron__1_.jpg)
លោក អ៊ុល វិទូ កំពុងបង្រៀនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោក អ៊ុល វិទូ
![](https://image.thmeythmey.com/pictures/2022/05/27/ron__2_.jpg)
លោក អ៊ុល វិទូ កំពុងបង្រៀនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោក អ៊ុល វិទូ
![](https://image.thmeythmey.com/pictures/2022/05/27/ron__3_.jpg)
លោកស្រី មាស រដ្ឋា កំពុងបង្រៀនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោកស្រី មាស រដ្ឋា
![](https://image.thmeythmey.com/pictures/2022/05/27/ron__4_.jpg)
![](https://image.thmeythmey.com/pictures/2022/05/27/ron__5_.jpg)
លោក ថាំង វត្តី កំពុងបង្រៀនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោក ថាំង វត្តី
លោក អ៊ុល វិទូ ជាម្ចាស់ហាងកាហ្វេ The Coffee Time ដែលមានទីតាំងនៅក្រុងក្រចេះ ខេត្តក្រចេះ និងជាអតីតសិក្ខាកាមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP)។ ក្រៅពីជាអ្នកគ្រប់គ្រងហាងកាហ្វេ បច្ចុប្បន្នលោក វិទូ ក៏ជាគ្រូបង្គោលមួយរូបក្នុងគម្រោងហូកា ដោយបានបណ្ដុះបណ្ដាលដល់យុវជនជាច្រើនក្នុងខេត្តក្រចេះ។
![](https://image.thmeythmey.com/pictures/2022/05/27/ron__1_.jpg)
លោក អ៊ុល វិទូ កំពុងបង្រៀនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោក អ៊ុល វិទូ
លោក វិទូ បានចូលរួមវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា ក្នុងឆ្នាំ២០១៨ ក្រោយពីរូបលោកបើកដំណើរការហាងកាហ្វេបានមួយឆ្នាំ។ វគ្គបណ្ដុះបណ្ដាលផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជាវគ្គបណ្ដុះបណ្ដាលដំបូងដែលលោកបានរៀនសូត្រ និងស្គាល់ពីកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ជាពិសេសវគ្គនេះ ធ្វើឱ្យលោកទទួលបានចំណេះដឹង ជំនាញ ឥរិយាបទ និងបទពិសោធន៍ ដើម្បីយកមកអភិវឌ្ឍហាងកាហ្វេដែលទើបដំណើរការ។
លោក លើកឡើងដូច្នេះថា៖ «បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ខ្ញុំអាចយកចំណេះដឹង និងជំនាញដែលទទួលបានទៅបណ្ដុះបណ្ដាលបន្តដល់បុគ្គលិករបស់ខ្ញុំ ។ ហូកា បានជួយឱ្យយើងចេះ និងជំនាញជាច្រើនដូចជាជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញសហគ្រិនភាព រួមទាំងចំណេះដឹងលើការការពារបរិស្ថាន និងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ»។
តាមរយៈការខិតខំ និងការយកចិត្តទុកដាក់រៀនសូត្រ រួមទាំងភាពសកម្មនៅក្នុងវគ្គបណ្ដុះបណ្ដាលជាច្រើន បានជំរុញឱ្យលោក វិទូ បន្តចូលរៀនវគ្គគ្រូបង្គោលហូកា ដើម្បីជួយបណ្ដុះបណ្ដាលបន្តដល់យុវជននៅទីកំណើតរបស់ខ្លួនក្នុងខេត្តក្រចេះ។ ម្ចាស់ហាងកាហ្វេ និងជាគ្រូបង្គោលរូបនេះ សប្បាយចិត្តក្រោយបានបញ្ចប់វគ្គបណ្ដុះបណ្ដាល ដោយជោគជ័យ ដែលក្លាយជាគ្រូបង្គោលហូកាទទួលស្គាល់ដោយក្រសួងទេសចរណ៍។
![](https://image.thmeythmey.com/pictures/2022/05/27/ron__2_.jpg)
លោក អ៊ុល វិទូ កំពុងបង្រៀនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោក អ៊ុល វិទូ
ទម្រាំក្លាយជាគ្រូបង្គោល ហូកា មិនមែនជារឿងងាយស្រួលសម្រាប់លោក អ៊ុល វិទូ ឡើយ។ លោកបន្តរៀបរាប់ថា៖«ដើម្បីក្លាយជាគ្រូបង្គោល យើងត្រូវយល់ដឹងពីវិធីសាស្រ្តបង្រៀន និងជំនាញបច្ចេកទេសដែលត្រូវបង្រៀនជាមុនសិន។ ណាមួយក្នុងបរិបទកូវីដ-១៩ ទាមទារឱ្យរៀនអនឡាញខ្លះ រៀនផ្ទាល់ខ្លះ ដែលត្រូវប្រើពេលវេលាបត់បែនច្រើន។ តែចុងក្រោយ ខ្ញុំក៏អាចធ្វើបាន រហូតក្លាយជាគ្រូបង្គោលដែលមានការទទួលស្គាល់ពីក្រសួងទេសចរណ៍»។
ទោះមានផលលំបាកបែបនេះក្ដី ក៏មិនមែនជាឧបសគ្គសម្រាប់លោក វិទូ ដែរ។ បើតាមលោក អ៊ុល វិទូ គណៈកម្មការហូកានៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តក្រចេះ រួមទាំងក្រុមការងារ SDP តែងតែជំរុញ និងលើកទឹកចិត្តជាប្រចាំ។ «ដើម្បីតបស្នងដល់កម្មវិធី ហូកា នៅក្រោយពេលដែលខ្ញុំក្លាយជាគ្រូបង្គោល ខ្ញុំបានបេ្តជ្ញាចិត្ត ចូលរួមជួយសហគមន៍ តាមរយៈការចែករំលែកចំណេះដឹង និងជំនាញដែលខ្ញុំទទួលបានពីការបណ្ដុះបណ្ដាលទៅកាន់សហគមន៍វិញ»។ នេះជាការលើកឡើងរបស់យុវជន អ៊ុល វិទូ ដោយបន្ថែមថា ប្រសិនបើលោកមិនបានចូលរួមវគ្គបណ្ដុះបណ្ដាល ហូកា ទេ អាជីវកម្មរបស់លោកក៏មិនអាចរីកចម្រើនលូតលាស់ដូចសព្វថ្ងៃដែរ។
![](https://image.thmeythmey.com/pictures/2022/05/27/ron__3_.jpg)
លោកស្រី មាស រដ្ឋា កំពុងបង្រៀនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោកស្រី មាស រដ្ឋា
ចំណែកលោកស្រី មាស រដ្ឋា ក៏ជាសិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា ផងដែរ។ បច្ចុប្បន្នលោកស្រី មានតួនាទីជាអ្នកគ្រប់គ្រងក្នុងផ្ទះសំណាក់វិមានស ដែលស្ថិតនៅខេត្តព្រះវិហារ។ កាលរៀនវគ្គបណ្ដុះបណ្ដាលដំបូង លោកស្រី មាស រដ្ឋា បានជ្រើសរើសជំនាញការិយាល័យជួរមុខ។
ក្រោយចូលរួមវគ្គបណ្ដុះបណ្ដាល លោកស្រី រដ្ឋា មានការផ្លាស់ប្ដូរច្រើនទាំងរបត់ការងារ បទពិសោធន៍ថ្មីៗ ចំណេះដឹង ជំនាញ និងវិធីសាស្ត្របង្រៀន។ លោកស្រី មាស រដ្ឋា បញ្ជាក់ថា៖ «កម្មវិធី ហូកា បានធ្វើឱ្យខ្ញុំមានការយកចិត្តទុកដាក់ និងយល់ដឹងច្រើនជាងមុន។ ពីមុនយើងពុំសូវចេះអត់ធ្មត់នោះទេ តែពេលរៀនចប់ យើងចេះដោះស្រាយបញ្ហា និងចេះទប់អារម្មណ៍។ ពីមុនពេលភ្ញៀវស្ដីឱ្យម្តងៗ ពេលខ្លះស្ដីឱ្យភ្ញៀវវិញក៏មាន។ ប៉ុន្តែឥឡូវខ្ញុំអាចដោះស្រាយបានល្អប្រសើរជាងមុន ទាំងអស់នេះគឺជាជំនាញទន់ដែលខ្ញុំទទួលបានពីការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា»។
លោកស្រី អះអាងថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានតម្លៃ ហើយលោកស្រីបន្តគាំទ្រ និងសប្បាយចិត្តនឹងចូលរួម ព្រោះបានផ្លាស់ប្ដូរទម្លាប់ជាច្រើន ជាពិសេសផ្ដល់ឱកាសឱ្យទទួលបានការងារល្អ និងប្រាក់បៀវត្សសមរម្យ។ ការយកចិត្តដាក់ និងភាពឧស្សាហ៍ព្យាយាម រួមទាំងការចង់ចែករំលែកចំណេះដឹងដល់យុវជន បានធ្វើឱ្យលោកស្រី រដ្ឋា ក្លាយជាគ្រូបង្គោល ដែលជ្រើសរើសដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។
![](https://image.thmeythmey.com/pictures/2022/05/27/ron__4_.jpg)
«មូលហេតុដែលជំរុញឱ្យខ្ញុំចង់ក្លាយជាគ្រូបង្គោលការិយាល័យជួរមុខ គឺដោយសារថា ខ្ញុំមានគំនិតចង់ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗទៅអ្នកដទៃ ឱ្យបានចេះដឹងដូចរូបខ្ញុំដែរ។ ដូច្នេះ ពួកគាត់នឹងមានភាពក្លាហានក្នុងការរៀនសូត្រ បំពេញការងារ និងមានឱកាសបញ្ចេញសមត្ថភាពដើម្បីលើកស្ទួយសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរឡើង»។ នេះជាការលើកឡើងរបស់លោកស្រី មាស រដ្ឋា ដោយបន្តថា សម្រាប់លោកស្រីផ្ទាល់ កម្មវិធី ហូកា បានផ្តល់ឱកាសដ៏វិសេសវិសាល ដែលបានវិវត្តខ្លួនលោកស្រីពីបុគ្គលិកធម្មតាម្នាក់ដែលមានជំនាញទាបទៅកាន់មុខតំណែងជាអ្នកគ្រប់គ្រងនាពេលបច្ចុប្បន្ន។
បន្ទាប់ពីក្លាយជាគ្រូបង្គោល លោកស្រី មាស រដ្ឋា បានបន្តចែករំលែកចំណេះដឹងដល់បុគ្គលិកនៅកន្លែងការងារ និងបានបណ្ដុះបណ្ដាលយុវជនងាយរងគ្រោះបានមួយវគ្គផងដែរ។ ទោះក្លាយជាគ្រូបង្គោលក្ដី ក៏លោកស្រី រដ្ឋា នៅមានអារម្មណ៍ខ្លាចថាមិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបង្រៀនបន្ត។ ប៉ុន្តែលោកស្រី រដ្ឋា នៅតែមានជំនឿចិត្តថាខ្លួនអាចធ្វើបាន ក្រោយទទួលបានការជំរុញលើកទឹកចិត្ត ពីលោកគ្រូអ្នកគ្រូ រួមទាំងមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងការបំពាក់បំប៉នជំនាញបន្ថែមពីកម្មវិធី SDP ។
ដោយឡែកលោក ថាំង វត្តី វិញ ក៏ជាគ្រូបង្គោលដូចអ្នកទាំងពីរខាងលើដែរ។ លោក ថាំង វត្តី ជាអតីតសិក្ខាកាមនៃកម្មវិធីបណ្ដុះបណ្ដាល ហូកា ដែលសិក្សាជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ បច្ចុប្បន្នលោក វត្តី ជាម្ចាស់អាហារដ្ឋាន Domino ដែលស្ថិតក្នុងខេត្តស្ទឹងត្រែង។
បើតាមលោក ថាំង វត្តី ក្រៅពីជំនាញបច្ចេកទេស លោកក៏ទទួលបានជំនាញទន់ដូចជា «ការទំនាក់ទំនង ការដោះស្រាយបញ្ហា ឥរិយាបថ ការរៀបចំតុបតែងខ្លួន សុវត្ថិភាព និងអនាម័យម្ហូបអាហារ » ។ លោក រៀបរាប់បែបនេះថា៖ «ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ខ្ញុំពិតជាសប្បាយចិត្ត ព្រោះយើងទទួលបានជំនាញល្អៗ និងមានអត្ថប្រយោជន៍ជាច្រើនលើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។ យើងពិតជារំភើប និងមានមោទនភាព ដែលក្លាយជាបុគ្គលម្នាក់ដែលមានជំនាញច្បាស់លាស់។ ទោះបីយើងទៅដល់ទីណាក៏មិនខ្វះការងារល្អៗធ្វើនោះដែរ »។
![](https://image.thmeythmey.com/pictures/2022/05/27/ron__5_.jpg)
លោក ថាំង វត្តី កំពុងបង្រៀនសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា។ រូបភាពផ្ដល់ដោយលោក ថាំង វត្តី
អតីតសិក្ខាកាមរូបនេះ មានទំនុកចិត្តខ្លាំងលើវគ្គបណ្ដុះបណ្ដាល ហូកា ដែលធ្វើឱ្យអ្នកបម្រើសេវាកម្ម ឬម្ចាស់អាជីវកម្ម មានជំនាញពិតប្រាកដ ដើម្បីបម្រើសេវាជូនភ្ញៀវឱ្យបានល្អប្រសើរ។ លោក បន្តទៀតថា វគ្គបណ្ដុះបណ្ដាលនេះ ក៏អាចបង្កើតការងារដល់យុវជនក្រីក្រ និងខ្វះលទ្ធភាពបន្តការសិក្សា ឱ្យទទួលបានការងារសមរម្យផងដែរ។
ការបង្រៀន និងចែករំលែកចំណេះដឹងបន្តដល់យុវជន មិនចោទជាបញ្ហាសម្រាប់លោក វត្តី ឡើយ។ ម្ចាស់អាហារដ្ឋានរូបនេះ ពេញចិត្តចំពោះតួនាទីជាគ្រូបង្គោល ដែលអាចឱ្យលោកផ្ដល់ចំណេះដឹងដល់ពលរដ្ឋ ឬយុវជនងាយរងគ្រោះនៅក្នុងតំបន់របស់លោក។ លោក វត្តី រៀបរាប់ដោយក្ដីរីករាយថា៖ «ខ្ញុំមានអារម្មណ៍ថារំភើប ពេលដែលត្រូវបានជ្រើសរើសជាគ្រូបង្គោល ហូកា ព្រោះវាស្របនឹងឆន្ទៈរបស់ខ្ញុំ។ ការក្លាយជាគ្រូបង្គោលនឹងជួយឱ្យខ្ញុំអាចបង្កើនសមត្ថភាពមួយកម្រិតទៀត »។ លោកបន្តថា៖ «ខ្ញុំនឹងព្យាយាមបង្រៀន និងចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ទាំងអស់នេះទៅដល់យុវជនងាយរងគ្រោះ និងបោះបង់ចោលការសិក្សា ដើម្បីឱ្យពួកគាត់មានឱកាសទទួលបានការងារសមរម្យ»។
គ្រូបង្គោល ហូកា ទាំងបីខាងលើ លើកឡើងស្រដៀងគ្នាថាវគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារប្រយោជន៍ អាចជួយផ្លាស់ប្ដូរខ្សែជីវិតយុវជនងាយរងគ្រោះឱ្យមានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។ រីឯ ម្ចាស់អាជីវកម្មក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនដើម្បីឱ្យមុខរបរកាន់តែរីកលូតលាស់ និងមានដំណើរការល្អប្រសើរ។ សូមយុវជនទាំងអស់កុំអស់សង្ឃឹម កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ពិតជាអាចជួយអ្នកបាន។ ជំនាញពិត ជីវិតប្រសើរ។
កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) បាន និងកំពុងផ្តល់ការបណ្ដុះបណ្ដាលលើជំនាញបដិសណ្ឋារកិច្ច នៅតាមខេត្តគោលដៅចំនួន៥ រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ។ កម្មវិធីនេះបានបណ្ដុះបណ្ដាលគ្រូបង្គោល និងសិក្ខាកាមប្រមាណជាង១,០០០នាក់ ដើម្បីពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍។
សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និង INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕
Comments
Post a Comment