ភ្នំពេញ៖ គំនូរឈើឆេះ ជាប្រភេទគំនូរដែលគេយកឈើទៅដុត និងដាប់ រួចគូរ និងផាត់ពណ៌នៅលើឈើឆេះនោះ។ គំនូរឈើឆេះនេះ ជាការច្នៃប្រឌិតដោយកូនខ្មែរ គឺលោក បូរ ហាក់ ដែលជាវិចិត្រករមានបទពិសោធន៍លើសិល្បៈគំនូរ និងចម្លាក់អស់រយៈពេលជាច្រើនឆ្នាំ។ គំនូរនេះ ត្រូវបានឲ្យតម្លៃ និងទទួលស្គាល់លើភាពល្អឥតខ្ចោះ តាមរយៈស្នាដៃរបស់វិចិត្រករ ពិសេសគំនូរនេះ អាចលក់បានតម្លៃពី ៤៥០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយផ្ទាំង។
លោក បូរ ហាក់ ជាជាងគំនូរ និងចម្លាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំ។ វិចិត្រករវ័យ ២៩ឆ្នាំរូបនេះ បានទៅរស់នៅខេត្តបាត់ដំបងក្នុងឆ្នាំ២០០៣ និងបានចូលរៀនជំនាញសិល្បៈគំនូរ នៅសមាគមហ្វាពន្លឺសិល្បៈ។ បច្ចុប្បន្ន លោក បូរ ហាក់ ចេះជំនាញគំនូរបុរាណ, គំនូរជីវចល, ចម្លាក់, សូនរូប និងគំនូរឈើឆេះជាដើម។
វិចិត្រករ បូរ ហាក់ ដែលមានជំនាញខាងគំនូរ និងចម្លាក់ជាច្រើនឆ្នាំនេះ បានសម្រេចផ្លាស់ប្ដូរមកធ្វើគំនូរឈើឆេះវិញ ដែលជាការច្នៃប្រឌិតថ្មីរបស់លោក។ សិល្បករពហុជំនាញ បូរ ហាក់ ពន្យល់ដើមហេតុនៃការបង្កើតគំនូរឈើឆេះយ៉ាងដូច្នេះ៖«ដោយសារខ្ញុំជាអ្នកគំនូរបុរាណ និងចម្លាក់ ណាមួយ ខ្ញុំធុញនឹងការងារដដែលៗ ហើយចង់ផ្លាស់ប្ដូរបទពិសោធន៍ផង។ ខ្ញុំចង់ធ្វើអ្វីថ្មីៗ ខ្ញុំក៏ងាកមកធ្វើគំនូរឈើឆេះនេះវិញ»។
បើទោះបីងាកមកធ្វើគំនូរឈើឆេះ ដែលជាផលិតផលថ្មី ខុសពីការសូនរូប, ការធ្វើចម្លាក់ ក៏ពិតមែន ប៉ុន្តែចំណេះដឹងទាំងនេះ បានបំបែកចេញពីជំនាញសិល្បៈគំនូររបស់លោក។ ផ្ដើមគំនិតដំបូង លោក ហាក់ ធ្វើគំនូរឈើឆេះនេះ សម្រាប់ដាក់តាំងពិព័រណ៍ប៉ុណ្ណោះ ប៉ុន្តែដោយសារមានការចាប់អារម្មណ៍ពីភ្ញៀវដែលចូលរួមតាំងពិព័រណ៍ លោក ក៏បានលក់គំនូរទាំងនេះ។ តាមរយៈស្នាដៃគំនូរឈើឆេះនេះ លោក បូរ ហាក់ អាចលក់បានក្នុងតម្លៃពី ៤៥០ដុល្លារ ទៅ៥០០ដុល្លារ ក្នុងមួយផ្ទាំង ទៅតាមទំហំនៃរូប។ លោក បូរ ហាក់ លើកឡើងបែបនេះ៖«សម្រាប់ខ្ញុំ រូបដែលខ្ញុំធ្វើ ខ្ញុំគិតថាមិនថ្លៃទេ បើសិនជាយល់ពីតម្លៃសិល្បៈ។ ហើយអ្នកទិញរូបរបស់ខ្ញុំភាគច្រើន ជាជនបរទេស»។
ក្នុងគំនូរឈើឆេះមួយផ្ទាំង វិចិត្រកររូបនេះ ត្រូវការពេល៤ ទៅ ៥ថ្ងៃ ដោយចំណាយពេលដុតផង ដាប់ផង និងផាត់ពណ៌ផង។ វិចិត្រករ បូរ ហាក់ បន្ថែមថា៖ «ការងារដាប់ផង ដុតផង មិនមែនជាការងាយស្រួលឡើយ។ ពិសេសត្រូវការការអត់ធ្មត់ និងម៉ត់ចត់»។ សម្រាប់វិចិត្រករសម្បុរស្រអែមរូបនេះ គំនូរឈើឆេះនេះ ជាការងារថ្មី ដែលមិនសូវអ្នកចេះធ្វើ និងគេឲ្យតម្លៃច្រើន។
គំនូរឈើឆេះ ដែលមានផ្ទៃពណ៌ខ្មៅ ដោយសារការដុតនេះ មិនត្រូវការពណ៌ច្រើនសម្រាប់ផាត់ឡើយ។ លោក ហាក់ ពន្យល់បែបនេះ៖ «បើនិយាយពីគំនូរបុរាណវិញ គេផាត់ពណ៌គ្រប់តួអង្គ ប៉ុន្តែសម្រាប់គំនូរឈើឆេះនេះ ខ្ញុំគូរនៅលើតួអង្គ តែខ្ញុំប្រើតែ២ពណ៌ប៉ុណ្ណោះ ដែលវាមិនដូចនឹងគំនូរបុរាណ។ ខ្ញុំគិតថា ឈើឆេះនេះ វាមានលក្ខណៈជាធ្យូង ប្រសិនខ្ញុំដាក់ពណ៌ច្រើន វាមិនសូវស្អាតនោះទេ»។
ឈើសម្រាប់យកមកធ្វើជាគំនូរឈើឆេះ ជាប្រភេទឈើផ្ចឹក ដែលងាប់ពីធម្មជាតិ មានប្រភពពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ វិចិត្រករដែលមានស្រុកកំណើតនៅខេត្តកំពង់ធំរូបនេះ បានប្រឹងប្រែង និងតស៊ូខ្លាំង ចំពោះស្នាដៃសិល្បៈរបស់ខ្លួន។ តាមរយៈស្នាដៃសិល្បៈ បានធ្វើឲ្យលោក ហាក់ មានឱកាសទៅចូលរួមប្រកួតប្រជែងនៅប្រទេសជប៉ុន និងចូលរួមតាំងពិព័រណ៍នៅប្រទេសបារាំង និងសហរដ្ឋអាមេរិកផងដែរ។
ជំនាញសិល្បៈនេះ លោក ហាក់ ចាត់ទុកជាសមត្ថភាពពីធម្មជាតិ ដែលធ្វើឲ្យលោកមាននិស្ស័យលើសិល្បៈគំនូរតាំងពីកុមារាភាព។ វិចិត្រកររូបនេះ មានមហិច្ឆតាចង់ឲ្យពិភពលោកស្គាល់ស្នាដៃរបស់កូនខ្មែរ។ «បានជាខ្ញុំ ធ្វើការងារសិល្បៈនេះ ព្រោះខ្ញុំស្រឡាញ់។ ខ្ញុំចង់បង្ហាញពីគំនិតរបស់ខ្ញុំចំពោះសិល្បៈ ដើម្បីបង្ហាញដល់មនុស្សទាំងនៅក្នុងស្រុកខ្មែរ និងពិភពលោក ឲ្យបានស្គាល់ពីស្នាដៃកូនខ្មែរ»។ នេះជាការលើកឡើងរបស់វិចិត្រករ បូរ ហាក់។
សូមបញ្ជាក់ថា លោក បូរ ហាក់ មានសមត្ថភាពជាច្រើនទាក់ទងនឹងគំនូរចម្រុះដូចជា សិល្បៈសូនរូប, ចម្លាក់, គំនូរបុរាណ, គំនូរជីវចល និងគំនូរឈើឆេះ។ លោក បូរ ហាក់ ក៏ជាជ័យលាភីកម្មវិធីប្រកួតប្រជែងគំនូរជីវចល Cambodia DigiCon6 ឆ្នាំ ២០១៧ ដែលបានជ្រើសរើសទៅប្រកួតប្រជែងគំនូរជីវចលថ្នាក់អន្តរជាតិនៅប្រទេសជប៉ុន កាលពីឆ្នាំ ២០១៧៕
Comments
Post a Comment