រៀនដាំក្រូច? ល្ពៅ? ត្រកួនទឹក? ធ្វើមេជីកំប៉ុស្ត? របៀបរៀបចំទ្រុងមាន់? កសិកម្មបែបជប៉ុន? បែបអឺរ៉ុប? តាំងពីដើមឆ្នាំ២០១៩មក លោក នី ប៊ុនថា យុវជនមួយរូបនៅស្រុកស្រែអំបិល ខេត្តកោះកុង បានបង្ហោះជាបន្តបន្ទាប់អំពីមេរៀនកសិកម្មដ៏សម្បូរបែបទាំងនេះ នៅលើគណនី Youtube របស់ខ្លួន។ រៀនដល់ត្រឹមថ្នាក់ទី១០ប៉ុណ្ណោះ ប៉ុន្តែកូនកសិកររូបនេះ មានបទពិសោធន៍ផ្នែកកសិកម្មបន្តពីឪពុកម្តាយ រួមទាំងការស្រាវជ្រាវបន្ថែម ដោយគេរំពឹងថា វានឹងជាចំណែកមួយជួយដល់ពលរដ្ឋខ្មែរ។
«រៀនដាំ ឬ Rean Dam» ជាឈ្មោះគណនី Youtube របស់យុវជន នី ប៊ុនថា ដែលបង្ហាញពីរបៀបដាំដុះ ចិញ្ចឹមសត្វ ការធ្វើជី និងចំណីសត្វជាដើម។ ផ្ដើមចេញពីការស្រឡាញ់បរិស្ថានធម្មជាតិ បទពិសោធន៍ដាំដុះ និងចំណេះដឹងពីការថតវីដេអូ បានជំរុញឲ្យកូនអ្នកស្រុកស្រែអំបិល ខេត្តកោះកុងរូបនេះ ផលិតវីដេអូនិយាយពីកសិកម្មចែកជូនប្រជាពលរដ្ឋខ្មែរទស្សនា។
«រៀនដាំ ឬ Rean Dam» ជាឈ្មោះគណនី Youtube របស់យុវជន នី ប៊ុនថា ដែលបង្ហាញពីរបៀបដាំដុះ ចិញ្ចឹមសត្វ ការធ្វើជី និងចំណីសត្វជាដើម។ ផ្ដើមចេញពីការស្រឡាញ់បរិស្ថានធម្មជាតិ បទពិសោធន៍ដាំដុះ និងចំណេះដឹងពីការថតវីដេអូ បានជំរុញឲ្យកូនអ្នកស្រុកស្រែអំបិល ខេត្តកោះកុងរូបនេះ ផលិតវីដេអូនិយាយពីកសិកម្មចែកជូនប្រជាពលរដ្ឋខ្មែរទស្សនា។
ជាកូនពៅនៅក្នុងគ្រួសារដែលមានបងប្អូន៦នាក់ លោក នី ប៊ុនថា បានសិក្សាត្រឹមថ្នាក់ទី១០ប៉ុណ្ណោះ រួចចាកចេញពីស្រុកកំណើតមករស់នៅ និងធ្វើការនៅភ្នំពេញ។ ក្រោយពីបំពេញការងារនៅភ្នំពេញ ដែលជាជាងជួសជុលទូរសព្ទ និងជាអ្នកថតរូបបានមួយរយៈ លោក ប៊ុនថា បានត្រឡប់ទៅស្រុកកំណើត ដើម្បីគ្រប់គ្រងកសិដ្ឋានរបស់ឪពុកម្ដាយវិញ។ បច្ចុប្បន្ននេះ លោក នី ប៊ុនថា ជាអ្នកគ្រប់គ្រងកសិដ្ឋានលក្ខណៈគ្រួសារ ដែលផ្ដោតលើចម្ការដូង បន្លែចម្រុះ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រី សម្រាប់លក់ក្នុងទីផ្សារមូលដ្ឋាន នាស្រុកស្រែអំបិល ខេត្តកោះកុង។
ម្ចាស់ចម្ការដូង បន្លែចម្រុះ និងចិញ្ចឹមសត្វរូបនេះ បានផ្ដើមគំនិតបង្កើតវីដេអូនិយាយពីកសិកម្ម ផ្ដោតលើការដាំដុះ, ចិញ្ចឹមសត្វ និងការធ្វើចំណីសត្វ។ បុរសវ័យ២៥ឆ្នាំ ដែលមានស្រុកកំណើតនៅស្រុកស្រែអំបិល ខេត្តកោះកុងរូបនេះ បញ្ជាក់ពីមូលហេតុនៃការផលិតវីដេអូកសិកម្មយ៉ាងដូច្នេះ៖ «ខ្ញុំមើលឃើញថា ការផលិតវីដេអូកសិកម្មនៅកម្ពុជា នៅមានតិចតួចនៅឡើយ។ វីដេអូមួយចំនួនប្រាប់ពីវិធីសាស្ត្រ ដោយមិនបានបង្ហាញពីដំណាក់កាលនីមួយៗ ឲ្យបានច្បាស់លាស់។ ទើបធ្វើឲ្យខ្ញុំផលិតវីដេអូដែលមានគ្រប់ដំណាក់កាល។ ម្យ៉ាងទៀត ខ្ញុំចង់ចែករំលែកចំណេះដឹងពីការធ្វើកសិកម្មដល់ពលរដ្ឋឲ្យបានទូលំទូលាយ»។
ឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន ThmeyThmey25 តាមទូរសព្ទ លោក ប៊ុនថា ប្រាប់ឲ្យដឹងថា រយៈពេល១ឆ្នាំហើយ ដែលលោកបង្កើតវីដេអូអំពីកសិកម្ម ស្របពេលលោកមកគ្រប់គ្រងកសិដ្ឋាន និងចម្ការនៅស្រុកកំណើត។ បើទោះបីជារវល់នឹងការងារនៅក្នុងកសិដ្ឋាន លោក នី ប៊ុនថា តែងតែឆ្លៀតពេលផលិតវីដេអូសម្រាប់ប្រជាពលរដ្ឋ ដែលស្រឡាញ់ និងចូលចិត្តកសិកម្ម។ ក្នុងវីដេអូមួយ លោក ប៊ុនថា ចំណាយពេលច្រើន សម្រាប់ផលិតវីដេអូដែលមានគ្រប់ដំណាក់កាល តាំងពីការរៀបចំដីដាំ ការថែទាំ និងការប្រមូលផល ហើយវីដេអូឃ្លីបរបស់លោក ប៊ុនថា មានរយៈពេលក្រោម១០នាទី និងខ្លះមានដល់២០នាទីផងដែរ។
«តាមពិតទៅ ខ្ញុំមិនបានចូលរៀនផ្នែកកសិកម្មនៅសាកលវិទ្យាល័យនោះទេ ប៉ុន្តែខ្ញុំចេះពីរបៀបដាំដុះ និងចិញ្ចឹមសត្វ ពីឪពុកម្ដាយខ្ញុំដែលជាកសិករ និងតាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីៗ រួមនឹងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋានខ្ញុំប៉ុណ្ណោះ»។ លោក នី ប៊ុនថា ពន្យល់បែបនេះប្រាប់ ThmeyThmey25 ។
ការផលិតវីដេអូនេះ ក៏មានផលលំបាក សម្រាប់លោក ប៊ុនថា ដែរ ព្រោះលោកត្រូវចំណាយពេលមកធ្វើវីដេអូផង និងចំណាយពេលគ្រប់គ្រងកសិដ្ឋានផង។ កសិករវ័យក្មេងរូបនេះ អះអាងថា៖ «មុននឹងផលិតវីដេអូពីអ្វីមួយ ខ្ញុំតែងតែពិសោធខ្លួនឯង និងឆ្លងកាត់លទ្ធផលល្អសិន។ ទើបខ្ញុំចែករំលែក ដើម្បីផ្ដល់ជាប្រយោជន៍បន្ថែម»។ បើតាមម្ចាស់កសិដ្ឋានរូបនេះ វីដេអូដែលផ្សព្វផ្សាយកន្លងទៅ មានអ្នកទស្សនាសរសើរ និងអរគុណលោកដែលបានបង្កើតវីដេអូតាមបែបនេះ។
ការផលិតវីដេអូកសិកម្មនេះ លោក នី ប៊ុនថា មិនរំពឹងលើចំណូល និងផលប្រយោជន៍ត្រឡប់មកវិញឡើយ ប៉ុន្តែកសិកររូបនេះ គ្រាន់តែចង់ចែករំលែកប៉ុណ្ណោះ។ លោក នី ប៊ុនថា លើកឡើងយ៉ាងដូច្នេះ៖ «ប្រសិនបើខ្ញុំព្យាយាមធ្វើវាទៅថ្ងៃក្រោយទៀត ហើយខ្ញុំព្យាយាមទៅលើវីដេអូច្រើន នោះប្រាកដជាមានផលប្រយោជន៍។ តែបើថារាល់ថ្ងៃឲ្យខ្ញុំរំពឹងពីវា គឺខ្ញុំអត់បានរំពឹងទេ ព្រោះខ្ញុំមានការងារប្រចាំថ្ងៃដែរ»។
សម្រាប់លោក នី ប៊ុនថា ការយល់ដឹងពីបច្ចេកទេសកសិកម្ម ពិតជាមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសកសិកម្ម ដែលចង់ដឹងពីការវិវត្តថ្មីៗ។ ជាមួយគ្នានេះ គោលដៅចុងក្រោយរបស់កសិករវ័យក្មេងរូបនេះ គឺចង់ក្លាយជា YouTuber ម្នាក់ ដែលជាកូនអ្នកស្រែចម្ការផលិតរឿងកសិកម្មសម្បូរបែប និងចង់បង្ហាញដល់បរទេសដែលទស្សនាតាមរយៈ YouTube ថាខ្មែរក៏អាចផលិតវីដេអូកសិកម្មដ៏ល្អមួយបានដែរ៕
Comments
Post a Comment