កំពត៖ ដំណាំស្លឹកខ្ទឹម លើផ្ទៃដីស្រែកន្លះហិកតារបស់កសិករ ចំណេញបានប្រាក់២លានរៀលក្នុងមួយខែ ដោយមួយថ្ងៃលោកអាចនាំចេញស្លឹកខ្ទឹមធម្មជាតិនេះ៧០គីឡូក្រាម។ ទំហំនៃការនាំចេញស្លឹកខ្ទឹមនេះកើនឡើង ក្រោយពីអង្គការសេដាកបានបណ្តុះបណ្តាលបច្ចេកទេស និងជួយរកទីផ្សារបន្ថែមកាលពី២ឆ្នាំមុន។ បច្ចុប្បន្ន លោក រុន ចាប់ផ្តើមពង្រីកមុខរបរកសិកម្មនេះកាន់តែធំ ហើយបានក្លាយជាកសិករគំរូម្នាក់ ដែលពលរដ្ឋរស់នៅឃុំស្នាយអញ្ជើត ស្រុកជុំគិរី ចាប់ផ្តើមដំណាំស្លឹកខ្ទឹមធម្មជាតិនេះ ដោយយកគំរូតាមកសិករវ័យ៦០រូបនេះ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក ចេម រុន កសិករដាំស្លឹកខ្ទឹមនៅស្រុកជុំគិរីដូចតទៅ៖
កសិករ ចេម រុន បានប្រកបមុខរបរដាំដំណាំស្លឹកខ្ទឹមក្នុងទំហំតូចជាលក្ខណៈគ្រួសារអស់រយៈពេល៧ឆ្នាំមកហើយ។ រយៈពេល២ឆ្នាំចុងក្រោយនេះ ដែលកសិកររស់នៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពតរូបនេះ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងរកទីផ្សារសម្រាប់នាំចេញស្លឹកខ្ទឹមនេះ បានជំរុញឱ្យលោក ចេម រុន និងគ្រួសារ ចាប់ផ្តើមពង្រីកការដាំស្លឹកខ្ទឹមតាមបែបធម្មជាតិលើដីស្រែទំហំរហូតដល់ទៅកន្លះហិកតា។
កសិករវ័យ៦០ឆ្នាំរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «ពីមុនខ្ញុំរកចំណូលបានតិច ព្រោះដាំជាលក្ខណៈគ្រួសារ។ ប៉ុន្តែបានអង្គការសេដាកជួយបណ្ដុះបណ្ដាល ធ្វើឲ្យខ្ញុំមានទីផ្សារ និងរកចំណូលបានច្រើន»។ ដំណាំស្លឹកខ្ទឹមលើផ្ទៃដី កន្លះហិកតារបស់លោក ចេម រុន អាចសល់ប្រាក់ចំណូល ២លានរៀលក្នុង១ខែ ដោយមួយថ្ងៃលោកបានចែកចាយស្លឹកខ្ទឹមនេះរហូតដល់ទៅ៧០គីឡូក្រាមទៅទីផ្សារនៅក្នុងស្រុកជុំគិរី។ ក្រៅពីដាំសម្រាប់លក់កសិករចំណាស់រូបនេះ ក៏បានបណ្តុះពូជស្លឹកខ្ទឹមសម្រាប់លក់ផងដែរ។
ការដាំដំណាំស្លឹកខ្ទឹមតាមបែបធម្មជាតិ ដោយមិនប្រើប្រាស់ជីគីមីនេះ បានជួយបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករខេត្តកំពតមួយនេះ ឱ្យកាន់តែធូរធារ រួមទាំងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងអ្នកបរិភោគជាពិសេស។ ក្រោយពីជីវិតជោគជ័យលើមុខរបរដាំស្លឹកខ្ទឹមលក់ លោក ចេម រុន បានក្លាយជាកសិករគំរូម្នាក់ ដែលពលរដ្ឋរស់នៅឃុំស្នាយអញ្ជើត ស្រុកជុំគិរី ចាប់ផ្តើមដំណាំស្លឹកខ្ទឹមធម្មជាតិនេះ ដោយយកគំរូតាមកសិករវ័យ៦០ឆ្នាំខាងលើ៕
អត្ថបទ៖ ញឹក ស្រីល័ក្ខ ThmeyThmey
Comments
Post a Comment