អ្វីៗជាមេរៀន ទទួលយក ហើយកែតម្រូវ!


អ្វីជាមេរៀន? តើត្រូវទទួលយកដោយរបៀបណា? តើត្រូវកែតម្រូវរបៀបម៉េច? ថ្ងៃនេះ (២៥ តុលា ២០១៨) ខ្ញុំបានក្លាយជា MC ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ការប្រឆាំងព័ត៌មានក្លែងបន្លំរបស់អ្នកសារព័ត៌មាន» ដែលរៀបចំដោយសារព័ត៌មានថ្មីៗ(កន្លែងការងារជាទីស្រឡាញ់របស់ខ្ញុំ)។ បើនិយាយទៅ ដូចជាខ្ញុំរំភើបជ្រុល ហើយអ្នកទាំងអស់គ្នា គិតថាគ្រាន់តែធ្វើ MC សោះ ហេតុអ្វីត្រូវរំភើប? ប៉ុន្តែខ្ញុំចង់និយាយថា អ្វីៗជាមេរៀន អ្វីដែលយើងមើលឃើញថាសាមញ្ញ តែវាមិនមែនជារឿងសាមញ្ញទេ។


ថ្ងៃនេះ ខ្ញុំបានរៀនច្រើន ព្រោះវាមិនមែនជាកម្មវិធីធម្មតា ដោយសារមានអ្នកចូលរួមមកពីក្រសួងព័ត៌មាន ស្ថានទូតអាមេរិកប្រចាំកម្ពុជា និងបងៗអ្នកសារព័ត៌មានជាច្រើនរូប ដែលខ្ញុំមានកិត្តិយសដឹកនាំកម្មវិធីនៅថ្ងៃនេះ។ អ្នកទាំងអស់អានហើយ ប្រហែលជាគិតថាមានមោទកភាពនឹងខ្លួនឯង តែកុំអាលខឹង ឬស្អប់ខ្ញុំណា។ សម្រាប់ថ្ងៃនេះ ខ្ញុំធ្វើមិនបានល្អនោះទេ ចំពោះការនិយាយរបស់ខ្ញុំ។ ខ្ញុំទទួលយកនូវពាក្យរិះគន់ ដើម្បីស្ថាបនារបស់បងៗ ដែលចង់កែលម្អក្មេងស្រីម្នាក់នេះ។


ខ្ញុំគិតថា នេះជាឱកាសដ៏ល្អ សម្រាប់ខ្ញុំ ដែលខ្ញុំអាចវិវត្តន៍ខ្លួនទៅជា MCម្នាក់។ MC គឺខុសពីអ្នកយកព័ត៌មាន ហើយទាមទារឲ្យយើងរៀនសូត្រពីផ្នែកមួយនេះផងដែរ មិនមែនចេះតែនិយាយៗនោះទេ។ សំណួរសួរថា តើខ្ញុំខ្មាស់គេទេ ពេលអានខុស? ជាការពិតទៅ ខ្មាស់ខ្លះដែរ ហុហុ ជាអារម្មណ៍ ប៉ុន្តែវាជាមេរៀនថ្មី និងល្អសម្រាប់ខ្ញុំ ដែលធ្វើឲ្យខ្ញុំចេះប្រុងប្រយ័ត្ន និងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត។ មេរៀននៅថ្ងៃនេះ ខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំស្ថាប័នរបស់ខ្ញុំ ដែលតែងតែផ្ដល់ឱកាសដល់ខ្ញុំ ជាពិសេសការចូលរួមជាផ្នែកមួយនៃសិក្ខាសាលានេះ។


សម្រាប់អារម្មណ៍ខ្ញុំនៅថ្ងៃនេះ ខ្ញុំសប្បាយចិត្ត ហើយមានអារម្មណ៍ខ្មាស់បងៗអ្នកសារព័ត៌មានផងដែរ ដែលMC (នាងខ្ញុំ) រៀងរអាករអួលនៅក្នុងថ្ងៃនេះ (គិតខ្លួនឯង មិនដឹងគេស្ដាប់ហើយ ជេរឯងម៉េចទេ) ហិហិ។ ដូចពាក្យគេនិយាយថា បរាជ័យ ជាគន្លឹះនៃភាពជោគជ័យ តែថ្ងៃនេះ ខ្ញុំមិនបរាជ័យទេ ក៏ប៉ុន្តែខ្ញុំខំប្រឹងបន្តឲ្យទទួលបានជោគជ័យ (ហិហិ ចេះតែលើកទឹកចិត្តខ្លួនឯង ទៅកុំឲ្យកើតជំងឺធ្លាក់ទឹកចិត្ត ដោយគ្មានអ្នកសរសើរ ហាហា)។ អ្នកទាំងអស់គ្នា ឃើញមុខខ្ញុំចឹង ហើយឃើញខ្ញុំចូលប្រឡូកក្នុងវិស័យព័ត៌មាន ២ទៅ៣ឆ្នាំនេះ កុំគិតថាខ្ញុំអាយុច្រើនណា ខ្ញុំក្មេងអាយុ២០ឆ្នាំទេ គ្រាន់តែមុខចាស់បន្តិច ហិហិ។

ខ្ញុំសង្ឃឹមថារយៈពេលយូរទៅមុខទៀត ខ្ញុំនឹងមានចំណេះដឹងទាក់ទងនឹងផ្នែកនេះបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល ហិហិ។ ត្រឡប់មកវិញ ចង់បញ្ជាក់ថា អ្វីក៏ដោយក៏ជាមេរៀន សំខាន់មេរៀននោះនាំផលចំណេញ ឬរីកចម្រើនដល់យើងឬអត់។ ម៉្យាងទៀត បើមានឱកាសហើយ ធ្វើវាឲ្យអស់ពីសមត្ថភាព ទោះវាមិនល្អ ប៉ុន្តែយើងបានសម្រេចវាហើយ។ សូមអរគុណលោកអ៊ំ អ្នកមីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រីជាទីស្រឡាញ់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអានដល់ចុងបញ្ចប់នេះ។ ហិហិ ស្រឡាញ់អ្នកទាំងអស់គ្នា ពីនាងខ្ញុំ (ស្រីល័ក្ខមុខចាស់) ពាក្យដែលគេតែងតែនិយាយលេង តែវាឈឺមែន ហិហិ។ ជម្រាបលា។

ឈប់!ឈប់!ឈប់! សូមបញ្ជាក់បន្តិច សិក្ខាសាលានេះ រៀបចំដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ដែលមានការជួយគាំទ្រពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ជម្រាបលាម្ដងទៀត៕

(គំនិតខ្ញុំ)

Comments