និស្សិតប្រព័ន្ធផ្សព្វផ្សាយនៃសាកលវិទ្យាល័យកម្ពុជា ៣ជំនាន់ ទៅទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ PNN




ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃ​ទី ២៧ មេសា និស្សិត​សិក្សានៅ​មហា​វិទ្យាល័យ​ព័ត៌មាន​ និង​គមនាគមន៍ នៃ​សាកលវិទ្យាល័យ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ស្ថានីយ​ទូរទស្សន៍ PNN ដើម្បី​ស្វែង​យល់​ពី​ដំណើរ​ការ​ផលិតព័ត៌មាន និងដំណើរ​ការ​នៃ​ការ​ចាក់​ផ្សាយកម្មវិធីផ្សេងៗ​។ និស្សិតប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាកល​វិទ្យាល័យ​កម្ពុជា ៣​ជំនាន់ ដែល​មាន​ចំនួន ៤០ នាក់​ បាន​ទទួល​ចំណេះដឹង​បន្ថែម​ពី​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​​ដែល​ដឹក​នាំ​ដោយលោក ប៊ុន សុផល ព្រឹទ្ធបុរសរង​នៃ​មហា​វិទ្យាល័យ​ព័ត៌មាន​ និង​គមនាគមន៍ មាន​ការ​ទទួល​ និង​ណែនាំ​ដោយ​​លោក ប៉ែន បូណា និពន្ធ​នាយកផ្នែក​ព័ត៌មាន​​នៃ​ស្ថានីយ​ទូរទស្សន៍​ PNN។ ក្នុង​ដំណើរ​ទស្សនកិច្ច​ពេញ​មួយ​ព្រឹក​នេះ និស្សិត​ទាំង​ ៣ជំនាន់ បាន​ស្វែង​យល់​ពី​ច​ង្វាក់​ផលិតកម្មនានា​​ ជាពិសេស​បាន​ទស្សនា​បន្ទប់​ផ្សាយ​ផ្ទាល់ព័ត៌មាន ឆាក​ប្រគំតន្រ្តី  រួម​ទាំង​បន្ទប់​កំណត់ការ​ចាក់ផ្សាយ និង​កន្លែង​សំខាន់ៗ​ជា​ច្រើន​កន្លែង​ថែម​ទៀត​​ផង​។

លោក ប៉ែន បូណា និពន្ធ​នាយក​ផ្នែក​ព័ត៌មា​ន បាន​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក ក្នុង​ការ​ណែនាំ និង​ធ្វើ​បទ​បង្ហាញ​ដល់​និស្សិត​ប្រព័ន្ធ​ផ្សព្វផ្សា​យ​នៃ​សាកលវិទ្យាល័យ​កម្ពុជា ទាំង​៣ជំនាន់​ ពី​ដំណើរការ​ចង្វាក់​ផលិត​កម្មនានា។ និស្សិត​ទាំង ៣​ជំនាន់ បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​ដំណើរ​ការ​ចង្វាក់​ផលិតកម្ម​នីមួយ​ៗ ​ជា​អ្វី​ដែល​ពួក​គេ​កំពុងសិក្សា។ 

និស្សិត​ទាំង​ ៣ជំនាន់ ដែល​បាន​មក​ទស្សនកិច្ច​នៅ​ទីនេះ បាន​មាន​ឱកាស​​ក្នុង​ការ​ប្រើ​ប្រាស់​នូវ​សម្ភារ​មួយ​ចំនួន​សម្រាប់​ផ្សាយ​ក្នុង​បន្ទប់​ផ្សាយ​ផ្ទាល់។ ម៉្យា​ង​វិញទៀត និស្សិត​មួយ​ចំនួន ក៏បាន​ថត​រូប​លេង​ ជា​មួយ​កម្មវិធី​នានា ក្នុង​ស្ថានីយ​នេះផង​ដែរ។ 

បើ​និយាយ​ពីទូរទស្សន៍​ PNNវិញ​ ​មើល​ពី​ខាង​ក្រៅ​មាន​លក្ខណៈ​សាមញ្ញ ប៉ុន្តែ​សម្រាប់​​ផ្នែក​​ខាង​ក្នុង​ គឺ​ខុស​ពី​ការ​​គិត និង​ឃើញ​នូវ​រូប​រាង​ខាងក្រៅ។ ក្នុង​បន្ទប់​នី​មួយ​ៗ មាន​ឧបករណ៍​យ៉ាង​ច្រើន ដើម្បី​​ផលិត​ និង​ផ្សាយ​ ដែល​ពោរពេញ​ទៅ​ដោយ​​សម្ភារ​ទំនើប​ៗ និង​ស្ដង់ដា។ ​ទន្ទឹម​នឹង​នេះ ការ​សិក្សា​ទ្រឹស្ដីនៅ​​ក្នុង​ថ្នាក់​ វា​មិន​គ្រប់​គ្រាន់​ទេ តែ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ស្ថានីយ​បែបនេះ និង​ឃើញ​នូវ​អ្វី​ៗជាក់​ស្ដែង​ បាន​ធ្វើ​ឲ្យ​និស្សិត​មាន​ទំនុក​ចិត្ត​ និង​ជឿជាក់ទៅ​លើ​អ្វី​ដែល​ពួក​គេ​កំពុងសិក្សា ពិសេស​ក្ដី​ស្រម៉ៃ​​ដែល​មាន​តាំង​ពី​កុមារភាព​ផងដែរ​៕​



កញ្ញា ញឹក ស្រីល័ក្ខ និស្សិតឆ្នាំទី៣ នៃមហាវិទ្យាល័យ​ព័ត៌មាន​ និង​គមនាគមន៍ និង​លោក ប៉ែន បូណា និពន្ធនាយក​នៃ​ទូរទស្សន៍ PNN។
និស្សិត​ទាំង៣ ជំនាន់ សិក្សា​នៅ​មហាវិទ្យាល័យ​ព័ត៌មាន​ និង​គមនាគមន៍  នៃសាកលវិទ្យាល័យ​កម្ពុជា ទស្សនកិច្ចនៅស្ថានីយ​ទូរទស្សន៍ PNN។


និស្សិត​ទាំង៣ ជំនាន់ សិក្សា​នៅ​មហាវិទ្យាល័យ​ព័ត៌មាន​ និង​គមនាគមន៍  នៃសាកលវិទ្យាល័យ​កម្ពុជា ទស្សនកិច្ចនៅស្ថានីយ​ទូរទស្សន៍ PNN។

ដោយ៖ ញឹក ស្រីល័ក្ខ​ 

Comments