ថ្ងៃនេះ
ជាថ្ងៃដែលខ្ញុំមានអាយុ ២០ឆ្នាំ។ ក្នុងរយៈពេល ២០ឆ្នាំ ស្មើនឹង ៧៣០០ថ្ងៃនេះ
ខ្ញុំបានយល់ដឹងយ៉ាងច្រើនពីបញ្ហាជីវិត ដែលខ្ញុំបានជួបប្រទះ។ មកដល់ពេលនេះខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង
ព្រោះខ្ញុំបានស្គាល់មនុស្សល្អៗជាច្រើន នៅជុំវិញខ្លួនខ្ញុំ ដែលតែងតែជួយបង្ហាត់បង្រៀន និងផ្ដល់ឱកាស ព្រមទាំងអធ្យាស្រ័យដល់ខ្ញុំ។ តាំងពីតូច
រហូតដល់បច្ចុប្បន្ននេះ ក្រៅពីក្រុមគ្រួសារខ្ញុំ ខ្ញុំមានមិត្តភក្តិល្អៗ
មានបងៗ និងមានលោកគ្រូអ្នកគ្រូជាទីគោរពស្រឡាញ់ជាច្រើន ដែលចូលចិត្តខ្ញុំ។
មនុស្សគ្រប់គ្នាតែងតែឃើញខ្ញុំសប្បាយរីករាយរហូត ប៉ុន្តែខ្ញុំមិនមែនសប្បាយគ្រប់ពេលនោះទេ។
ខ្ញុំជាក្មេងស្រីម្នាក់កើតក្នុងគ្រួសារមួយ ដែលមានជីវភាពសមរម្យ ដែលមានម្ដាយជាអាជីវករម្នាក់។
ក្នុងវ័យ២០ឆ្នាំ នៅថ្ងៃនេះ ខ្ញុំបានទទួលមេរៀនជាច្រើន ទាំងការសិក្សា ការងារ
និងការស្ម័គ្រចិត្តផ្សេងៗ។
ការសិក្សា
សម្រាប់ការសិក្សា
ខ្ញុំជាសិស្សម្នាក់ ដែលរៀនសមរម្យ និងសាមញ្ញម្នាក់។ ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២
ខ្ញុំតែងតែទទួលចំណាត់ថ្នាក់ក្រោមលេខ១០។ ពេលខ្ញុំនៅរៀន ខ្ញុំតែងតែចង់បានចំណាត់ថ្នាក់តិចៗ
ព្រោះបើខ្ញុំជាប់លេខច្រើន ខ្ញុំខ្មាសគេ។ ម៉្យាងទៀត កាលនៅរៀនវិទ្យាល័យ
ខ្ញុំចូលចិត្តធ្វើជាប្រធានថ្នាក់គេផងដែរ។ ពេលនៅក្មេង ខ្ញុំដឹងថាខ្ញុំត្រូវរៀនអ្វី
ព្រោះក្ដីស្រមៃតាំងពីកុមារភាពរបស់ខ្ញុំ ខ្ញុំចង់ក្លាយជា «អ្នកសារព័ត៌មានដ៏ល្បីម្នាក់»។
រហូតចប់វិទ្យាល័យ ខ្ញុំបានចូលរៀននៅសាកលវិទ្យាល័យ។
ការសិក្សាខ្ញុំ នៅសាកលវិទ្យាល័យវិញ គឺសមរម្យដូចគ្នា មិនពូកែពេក ជាសិស្សសាមញ្ញម្នាក់ដដែល។
ការងារ
ក្នុងវ័យ ១៨ឆ្នាំ ខ្ញុំមានសំណាងបានចូលធ្វើការជាអ្នកហាត់ការ
នៅគេហទំព័រថ្មីៗ។ នេះជាសំណាងដ៏ធំសម្រាប់ខ្ញុំ ព្រោះពេលនោះខ្ញុំទើបតែចូលរៀននៅសាកលវិទ្យាល័យ
មិនទាន់បាន ៣ខែផង។ ខ្ញុំបានចូលធ្វើការដំបូង ខ្ញុំបានសរសេរបទយកការណ៍មួយ ដែលសម្ភាសនិស្សិតមករៀននៅភ្នំពេញ
«និស្សិតដែលមករៀននៅភ្នំពេញតែងតែឈឺក្បាលលើបញ្ហាសុវត្ថិភាព
ចរាចរណ៍ និងថវិកា» https://thmeythmey.com/?page=detail&id=37586
ខ្ញុំមិនធ្លាប់ដើរសម្ភាសគេពីមុនទេ។
ប៉ុន្តែនេះ ជាចំណុចដែលអាចឲ្យខ្ញុំឈានជើងក្នុងអាជីពអ្នកកាសែត នាគ្រាខ្ញុំរៀនឆ្នាំទី១
វគ្គទី១។
ខ្ញុំបានទទួលចំណេះដឹងពីសារព័ត៌មានថ្មីៗជាច្រើន ដែលមានបងៗសហការី
និងលោកគ្រូៗ ដែលបានបង្ហាត់បង្រៀនខ្ញុំ និងផ្ដល់ឱកាសដល់ខ្ញុំ។ ខ្ញុំមានឱកាសបានចុះយកព័ត៌មាននៅតាមស្ថាប័ននានា
មានឱកាសជួបសម្ភាសជាមួយរដ្ឋមន្រ្តី មានឱកាសចុះតាមខេត្ត មានឱកាសស្វែងយល់ពីវិស័យព័ត៌មាន
ស្របពេលខ្ញុំកំពុងរៀន បានធ្វើឲ្យខ្ញុំងាយស្រួលក្នុងការស្រាវជ្រាវឯកសារមេរៀនផ្សេងៗ។
មកពេលនេះ ខ្ញុំបានធ្វើការនៅទីនេះ ជិត២ឆ្នាំហើយ។
តែថ្ងៃនេះ ខ្ញុំបានចូលដល់វ័យ២០ឆ្នាំហើយ ទោះបីមុខខ្ញុំចាស់ក៏ដោយ
ខ្ញុំត្រៀមខ្លួនរួចហើយសម្រាប់ជីវិតថ្មី ទាំងអត្តចរិត កាយវិការ និងពាក្យសម្ដី។
ទន្ទឹមនឹងនេះ ខ្ញុំមានគោលដៅច្បាស់លាស់រួចហើយ ថាខ្ញុំត្រូវធ្វើអ្វីបន្ត។
អ្វីដែលខ្ញុំអាចផ្លាស់ប្ដូរ ខ្ញុំនឹងផ្លាស់ប្ដូរ ដើម្បីការរីកចម្រើនរបស់ខ្ញុំ។
ខ្ញុំសូមគោរពថ្លែងអំណរគុណដល់មនុស្សល្អៗជាច្រើនដែលតែងតែជួយខ្ញុំ សូមឲ្យពួកគាត់ជួបតែសេចក្ដីសុខ។
ជាពិសេសក្រុមគ្រួសារទាំងសងខាង ដែលតែងតែលើកទឹកចិត្ត និងផ្គត់ផ្គង់ថវិកា ដល់ខ្ញុំ។ កាន់តែពិសេសជាងនេះ គឺម៉ាក់របស់ខ្ញុំ ដែលគាត់តែងតែផ្ដល់កម្លាំងចិត្តដល់ខ្ញុំគ្រប់ពេល៕
Comments
Post a Comment