កោះកុង៖
អណ្ដើកហ្លួង ឬ អណ្ដើកសរសៃ ជាអណ្ដើកមួយប្រភេទក្នុងចំណោមអណ្ដើកទាំង
២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេបំផុតនៅលើសកលលោក។
អណ្ដើកហ្លួង ជាប្រភេទអណ្ដើកដែលជិតផុតពូជនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះ អណ្តើកហ្លួង
ត្រូវបានដាក់បញ្ចូលជាប្រភេទសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា
កាលពីឆ្នាំ២០០៥។ នៅកម្ពុជា មានដែនជម្រកអណ្ដើកហ្លួងតែមួយគត់
គឺក្នុងតំបន់ប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។
![](https://image.thmeythmey.com/pictures/2017/11/18/thumb2/181120171612front.jpg)
អណ្ដើកហ្លួងនៅកម្ពុជា ត្រូវបានគេគិតថាផុតពូជទៅហើយ
ប៉ុន្តែនៅក្នុងឆ្នាំ២០០០ រដ្ឋបាលជលផល
និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានសិក្សាស្រាវជ្រាវ
និងរកឃើញចំនួនសេសសល់តិចតួចរបស់វារស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល
ខេត្តកោះកុង។ បើតាមអង្គការ WCS នៅឆ្នាំ២០០១ អង្គការ WCS
បានសហការជាមួយរដ្ឋបាលជលផល
ចាប់ផ្ដើមកម្មវិធីការពារសំបុកដោយមានការចូលរួមពីប្រជាសហគមន៍នៅស្រុកស្រែអំបិល។
![](https://image.thmeythmey.com/pictures/2017/11/18/thumb2/shit__1_.jpg)
ដើម្បីអភិរក្សសត្វអណ្ដើកហ្លួងនៅកម្ពុជា អង្គការ WCS
និងរដ្ឋបាលជលផល បានជ្រើសរើសអតីតអ្នកប្រមូលពង និងកូនអណ្ដើកហ្លួង
ឲ្យមកធ្វើការងារជាបុគ្គលិករបស់គម្រោង ដើម្បីស្វែងរក
និងការពារសំបុកអណ្ដើកហ្លួង ជំនួសឲ្យការប្រមូលយកពងទៅលក់។
បន្ថែមលើនេះ ក្នុងឆ្នាំ២០១៧នេះ ពងអណ្ដើកហ្លួងចំនួន ១ សំបុក
មានពងចំនួន ១៤គ្រាប់
ត្រូវបានអ្នកភូមិនប្រទះឃើញនៅតាមបណ្ដោយឆ្នេរព្រែកក្អោងដែលជាផ្នែកមួយនៃប្រព័ន្ធព្រែកស្រែអំបិល។
លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ
WCS បញ្ជាក់ថា សត្វអណ្ដើកហ្លួងនៅកម្ពុជា
ជាប្រភេទអណ្ដើកដែលជិតផុតពូជ
និងបានចាត់ទុកជាសត្វល្មូនតំណាងកម្ពុជាផងដែរ។
ទីប្រឹក្សាបច្ចេកទេសគម្រោងអភិរក្សខេត្តកោះកុងនៃអង្គការ WCSរូបនេះ
បន្ថែមថា អង្គការ WCS និងរដ្ឋបាលជលផល បានលែងអណ្ដើកហ្លួង
ទៅរស់នៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដើម្បីតាមដានពីការបំលាស់ទី
ការប្រើប្រាស់ទីជម្រក និងការរស់រានរបស់វា ព្រោះទីតាំងនេះ
ជាទីតាំងតែមួយគត់របស់អណ្ដើកហ្លួងនៅកម្ពុជា។
![](https://image.thmeythmey.com/pictures/2017/11/18/thumb2/shit__2_.jpg)
លោក សោម ស៊ីថា លើកឡើងថា បញ្ហាប្រឈមសម្រាប់អណ្ដើកហ្លួង កើតឡើងពីការកាប់បំផ្លាញព្រៃឈើ ការបូមខ្សាច់ និងការនេសាទខុសច្បាប់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អង្គការ WCS បានអប់រំដល់ពលរដ្ឋក្នុងសហគមន៍ពីសារប្រយោជន៍របស់អណ្ដើកហ្លួង និងការអភិរក្សសត្វអណ្ដើកហ្លួងនេះ។
សូមបញ្ជាក់ថា អណ្ដើកហ្លួង មានរស់នៅតែក្នុងប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ពិសេសចំនួនរបស់ពួកវានៅលើសាកលលោកមានប្រមាណ៥០០-៧០០ក្បាលប៉ុណ្ណោះ។ សម្រាប់កម្ពុជា នៅមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូនក្នុងខេត្តកោះកុង មានអណ្ដើកហ្លួងចំនួន ១៩៣ក្បាល រួមទាំងក្នុងប្រព័ន្ធព្រែកស្រែអំបិលមួយចំនួនទៀតផងដែរ៕
ប្រភព៖ thmeythmey.com (ញឹក ស្រីល័ក្ខ)
Comments
Post a Comment