ភ្នំពេញ៖
យុទ្ធនាការ «ភ្នំពេញស្អាត» ជាផ្នែកមួយនៃគម្រោង «ស្អាត»
ដែលជួយលើកកម្ពស់ការយល់ដឹង និងទាក់ទាញចំណាប់អារម្មណ៍
របស់ប្រជាជននៅគ្រប់កម្រិត និងគ្រប់វិស័យលើបញ្ហាកាកសំណល់
ការការពារបរិស្ថាន និងសោភ័ណភាពទីក្រុង។ យុទ្ធនាការនេះ
នឹងប្រព្រឹត្តទៅពេញមួយខែវិច្ឆិកា តាមរយៈយន្តការនៃការផ្សព្វផ្សាយ
និងបញ្ជ្រាបការអប់រំ ស្តីពីការទុកសំរាមឲ្យបានត្រឹមត្រូវ។
យុទ្ធនាការខាងលើ នឹងផ្សព្វផ្សាយតាមរយៈពាក្យស្លោក
«សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។
យុទ្ធនាការ «ភ្នំពេញស្អាត» នឹងផ្ដល់ការយល់ដឹង ដល់ស្ថាប័ន និងប្រជាពលរដ្ឋ ឲ្យចូលរួមបង្ហាញ និងផ្សព្វផ្សាយនូវទង្វើល្អៗ ដើម្បីផ្លាស់ប្ដូរនូវផ្នត់គំនិត ទម្លាប់ និងឥរិយាបថ ក្នុងការគ្រប់គ្រងសំរាម និងការថែរក្សាបរិស្ថានស្អាត។ យុទ្ធនាការនេះ នឹងអាចជួយបណ្ដុះគំនិតដល់មនុស្សគ្រប់គ្នា ដើម្បីរក្សានិរន្តរភាពនៃគោលដៅក្នុងការការពារបរិស្ថាន និងសោភ័ណភាពរបស់ប្រទេសកម្ពុជា។
យុទ្ធនាការ «ភ្នំពេញស្អាត» នឹងផ្ដល់ការយល់ដឹង ដល់ស្ថាប័ន និងប្រជាពលរដ្ឋ ឲ្យចូលរួមបង្ហាញ និងផ្សព្វផ្សាយនូវទង្វើល្អៗ ដើម្បីផ្លាស់ប្ដូរនូវផ្នត់គំនិត ទម្លាប់ និងឥរិយាបថ ក្នុងការគ្រប់គ្រងសំរាម និងការថែរក្សាបរិស្ថានស្អាត។ យុទ្ធនាការនេះ នឹងអាចជួយបណ្ដុះគំនិតដល់មនុស្សគ្រប់គ្នា ដើម្បីរក្សានិរន្តរភាពនៃគោលដៅក្នុងការការពារបរិស្ថាន និងសោភ័ណភាពរបស់ប្រទេសកម្ពុជា។
ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្ដីពី
«ភ្នំពេញស្អាត» លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ
បានលើកឡើងថា សំរាមក្នុងទីក្រុងភ្នំពេញ មិនមានការថយចុះនោះទេ
ដោយក្នុងមួយថ្ងៃមានសំរាមចំនួន ជាង ២៣០០តោន។ លោកអភិបាលរងរូបនេះ
បញ្ជាក់ទៀតថា សំរាមនៅភ្នំពេញ មានច្រើនប្រភេទ មានទាំងសំរាមទីក្រុង
សំរាមវេជ្ជសាស្ត្រ សំរាមពីការដ្ឋានសំណង់ សំរាមអេឡិចត្រូនិច
និងសំរាមឧស្សាហកម្ម។
លោក នួន ផារ័ត្ន អះអាងថា បញ្ហាប្រឈមដែលសាលារាជធានីជួបប្រទះ
គឺការខ្វះការចូលរួម និងការយល់ដឹងរបស់ពលរដ្ឋ។ អភិបាលរងរាជធានី
បន្ថែមថា ការចូលរួមរបស់ពលរដ្ឋមានសារៈសំខាន់ក្នុងការគ្រប់គ្រងសំរាម
និងកាកសំណល់ ហើយសាលារាជធានីគាំទ្រនូវគម្រោងនេះ
ដើម្បីលើកសោភ័ណភាពទីក្រុង និងធ្វើឲ្យភ្នំពេញកាន់តែស្អាតជាងមុន។
ចំណែកឯ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី
បានបញ្ជាក់ថា យុទ្ធនាការនេះ នឹងផ្ដោតសំខាន់លើអប់រំដល់បុគ្គលម្នាក់
ដើម្បីផ្លាស់ប្ដូរនូវផ្នត់គំនិត។ លោក ហ៊ុន ម៉ានី បន្ថែមថា
យុទ្ធនាការនេះ អប់រំបុគ្គលឲ្យយល់ពីបញ្ហា
និងចូលរួមដោះស្រាយបញ្ហាសំរាម។ លោក ហ៊ុន ម៉ានី រំពឹងថា យុទ្ធនាការ
«ស្អាត»នេះ នឹងក្លាយជាដំណោះស្រាយមួយផ្នែក
ចំពោះបញ្ហាសំរាមនៅកម្ពុជា។
សហស្ថាបនិកនៃគម្រោង
«ស្អាត» លោកស្រី ជា សុផល្លា បញ្ជាក់ថា យុទ្ធនាការនេះ
ជាវេទិកាមួយដែលផ្ដល់ឱកាសឲ្យមនុស្សគ្រប់គ្នា
បានចូលរួមបំពេញនូវកាតព្វកិច្ចក្នុងនាមជាពលរដ្ឋមួយរូប។ លោកស្រី ជា
សុផល្លា ជឿជាក់ថា យុទ្ធនាការនេះ នឹងជួយកសាង
និងបង្កើនទំនាក់ទំនងកាន់តែស្អិតរមួតរវាងវិស័យឯកជន រដ្ឋាភិបាល
និងអង្គការនានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា កម្មវិធីនេះក៏បង្កើតឲ្យមាននូវ ទិវាភ្នំពេញស្អាត
នៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ
ដើម្បីបូកសរុបលទ្ធផលនៃកម្មវិធីរយៈពេលពេញមួយខែនេះ
ក៏ដូចជាកំណត់គោលដៅសម្រាប់ជំហានបន្ទាប់នៅឆ្នាំក្រោយៗទៀត។
កម្មវិធីភ្នំពេញស្អាត បង្កើតឡើងដោយ សហស្ថាបនិកចំនួន ០៥រូប
ដែលមកពីស្ថាប័នផ្សេងៗគ្នា ក្នុងគោលបំណងជំរុញ
និងលើកកម្ពស់យន្តការបរិស្ថាន៕
ប្រភព៖ thmeythmey.com (ញឹក ស្រីល័ក្ខ)
Comments
Post a Comment