![](https://image.thmeythmey.com/pictures/2017/09/16/thumb2/yuth-__5_.jpg)
នេះជាលើកទី២ ដែលក្រុមចលនាយុវជន អ្នក និងខ្ញុំ» បានរៀបចំកម្មវិធីបោះជំរំយុវជននេះ។ កម្មវិធីនេះ ធ្វើឡើងដើម្បីពង្រីកសាមគ្គីភាព លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌ អរិយធម៌ និងបរិស្ថាន ពិសេសចូលរួមអបអរ ការដាក់បញ្ជូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានេះ កម្មវិធីបោះជំរំយុវជនឆ្នាំ២០១៧នេះ មានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា និងគាំទ្រដោយក្រសួងបរិស្ថាន និងមន្ទីរស្ថាប័ននានា។
កម្មវិធីបោះជំរំយុវជននេះ នឹងមានការចូលរួមពីសំណាក់យុវជន ចំនួន១៨០នាក់ ក្នុងនោះមានយុវជនក្នុងខេត្តកំពង់ធំ ចំនួន៨០នាក់ និងបើកឲ្យយុវជនដទៃទៀត អាចចុះឈ្មោះចូលរួមចំនួន៨០នាក់។ កម្មវិធីខាងលើ នឹងធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីប្រាសាទសំបូរព្រៃគុក ពិសេសការបោះជំរំ និងចម្អិនអាហារតាមក្រុមនីមួយៗ។
ទន្ទឹមនឹងនេះ ក៏មានសកម្មភាពកសាងក្រុម ចូលរួមគិត រួមធ្វើ និងទទួលខុសត្រូវ ដើម្បីបណ្ដុះស្មារតីក្នុងភាពជាអ្នកដឹកនាំ និងសាមគ្គីភាព រវាងយុវជនដទៃទៀត។ ក្រៅពីនេះ ក្នុងកម្មវិធីនេះ នឹងមានការដាំកូនឈើ នៅទីតាំងវិទ្យាល័យហ៊ុនសែនស្រះបន្ទាយផងដែរ។
បន្ថែមលើនេះ អ្នកចូលរួម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា បទពិសោធន៍ថ្មីក្នុងការបោះជំរំ និងសកម្មភាពជាក្រុមផ្សេងៗ។ ម្យ៉ាងទៀត ការចូលទស្សនាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងការចូលរួមចំណែកក្នុងការការពារបិរស្ថានតាមរយៈការដាំកូនឈើ។
សម្រាប់យុវជនដែលមានចំណាប់អារម្មណ៍លើកម្មវិធីបោះជំរំនេះ អាចចុះឈ្មោះចូលរួមបាន ដោយតម្រូវឲ្យយុវជនទាំងអស់ បង់វិភាគទាន ចំនួន ៣៥ ដុល្លារ ក្នុងម្នាក់ ដែលរួមបញ្ជូលជាមួយអាវយឺត កម្មវិធីមួយចំនួន ការធ្វើដំណើរ ការស្នាក់នៅ និងអាហារ។ យុវជនទាំងអស់ អាចសួរព័ត៌មានបន្ថែមតាមរយៈ លេខទូរសព្ទ ០១០ ៧៩៧ ៩៩៧/ ០៨១ ៣៤៦ ៣៤៧/ ០១១ ៤០០ ៥៦៧ ឬតាមទំព័រហ្វេសប៊ុក You and I៕
ប្រភព៖ thmeythmey.com (ញឹក ស្រីល័ក្ខ)
Comments
Post a Comment