បាក់ឌុប៖
ក្រសួងអប់រំ ចេញកាលវិភាគវិញ្ញាសា សម្រាប់ប្រឡង
ភ្នំពេញ៖
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ សីហាខាងមុខ។ ក្រសួងអប់រំ យុវជន និងកីឡា បានចេញតារាងប្រព្រឹត្តទៅនៃវិញ្ញាសា
(កាលវិភាគ) សម្រាប់ការប្រឡងនេះ។
នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី
២៩ កក្កដានេះ។
កាលវិភាគ
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវបានក្រសួងអប់រំ
បង្ហាញនៅថ្ងៃទី ២៩ កក្កដានេះ។ កាលវិភាគសម្រាប់ការប្រឡងបាក់ឌុប
បានបែងចែកជាពីរថ្នាក់ គឺថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត
មាន ៧វិញ្ញាសា រួមមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស
អក្សរសាស្រ្តខ្មែរ រូបវិទ្យា និងគណិតវិទ្យា។
តាមទំព័រហ្វេសប៊ុកក្រសួងអប់រំ
ថ្នាក់វិទ្យាសាស្រ្ត នៅថ្ងៃទី ២១ សីហា បេក្ខជនទាំងអស់
នឹងត្រូវប្រឡងលើវិញ្ញាសា ប្រវត្តិវិទ្យា និង ជីវវិទ្យា នៅពេលព្រឹក
និងពេលរសៀល មានវិញ្ញាសា គីមីវិទ្យា និងភាសាបរទេស។ ចំណែកថ្ងៃទី ២២ សីហា
នឹងប្រឡងលើវិញ្ញាសា អក្សរសាស្រ្តខ្មែរ និងរូបវិទ្យា នៅពេលព្រឹក
និងពេលរសៀល មានវិញ្ញាសា គណិតវិទ្យា
ដែលជាវិញ្ញាសាចុងក្រោយសម្រាប់ការប្រឡង។
ជាមួយគ្នា បេក្ខជន
ដែលប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គម មានវិញ្ញាសាចំនួន ៧ដូចគ្នា។
វិញ្ញាសាទាំងនោះ រួមមាន ផែនដី-បរិស្ថានវិទ្យា
ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា
និងអក្សរសាស្រ្តខ្មែរ។ ចំពោះថ្នាក់វិទ្យាសាស្រ្តសង្គម នៅថ្ងៃទី ២១ សីហា
នឹងត្រូវប្រឡងលើវិញ្ញាសា ផែនដី-បរិស្ថានវិទ្យា និង
ប្រវត្តិវិទ្យា នៅពេលព្រឹក និងពេលរសៀល មានវិញ្ញាសា ភូមិវិទ្យា
និងភាសាបរទេស។ ចំណែកថ្ងៃទី ២២ សីហា នឹងប្រឡងលើវិញ្ញាសា គណិតវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា នៅពេលព្រឹក និងពេលរសៀល មានវិញ្ញាសា
អក្សរសាស្រ្តខ្មែរ។
គួរបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧
នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២១-២២ ខែសីហា។ ការប្រឡងនេះ មានបេក្ខជនចំនួន ១០៣
១១២ នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយចែកចេញជា ១៧៨
មណ្ឌល និងបន្ទប់ប្រឡងចំនួន ៤១៥៥ បន្ទប់ នៅទូទាំង ២៥រាជធានី-ខេត្ត៕
Comments
Post a Comment