កញ្ញា ស៊ុន ស្រីពេជ្រ ជាប់​ជ័យលាភី​លេខ​២ ក្នុងការ​ប្រជែង​រូបថត​Selfie ក្នុង​ពិធីបុណ្យ​សមុទ្រ

តារាចម្រៀង​កញ្ញា ស៊ុន ស្រី​ពេជ្រ ជាប់​ជ័យលាភី​លេខ​២ ក្នុងការ​ប្រជែង​រូបថត​Selfie ក្នុង​ពិធីបុណ្យ​សមុទ្រ ក្នុងចំណោមរូ​បថត​រាប់រយ​សន្លឹក​ដែល​ដាក់​ប្រកួតប្រជែង​។ កម្មវិធី​ប្រកួតប្រជែង​រូបថត «Selfie Photo Contest» ក្នុង​ពិធីបុណ្យ​សមុទ្រ រៀបចំឡើង​ក្រោម​ប្រធានបទ​«​ទីក្រុង​បៃតង ឆ្នេរ​ស្អាត សមុទ្រ​ខៀវស្រងាត់​»​។​


​កញ្ញា ស៊ុន ស្រី​ពេជ្រ តារាចម្រៀង​ដែល​និយម​ច្រៀង​បទ​រៀបរាប់​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា ទទួលបាន​ជ័យលាភី​លេខ​២ ក្នុងការ​ប្រកួត​រូបថត Selfie ក្នុង​ពិធីបុណ្យ​សមុទ្រ​។ ដោយឡែក​ជ័យលាភី​លេខ​១ បាន​ទៅ​បេក្ខជន​ឈ្មោះ ផាន់ រ៉ាំ​បូ ជា​អ្នករស់នៅ​ខេត្ត​ព្រះសីហនុ និង​លេខ​៣ បាន​ទៅលើ កញ្ញា ឈឹម ឆោម​វ​ល្ម​ក្ស័ រស់នៅ​រាជធានី​ភ្នំពេញ​។ 

​លោក ឡាង សុ​លី​ណា គណៈកម្មការ​វាយតម្លៃ​ក្នុង​កម្មវិធី​នេះ បាន​បញ្ជាក់ថា​គណៈកម្មកា​រ​បានជ្រើសរើស​មក​រូ​ប​ថត​ចំនួន​២០​សន្លឹក​មក​វិនិច្ឆ័យ ក្នុងចំណោម​រូប​ជាច្រើន​រយ​សន្លឹក​ដែល​បានដាក់​ប្រកួតប្រជែង​។ បើតាម លោក ឡាង សុ​លី​ណា កម្មវិធី​នេះ រៀបចំឡើង​ក្នុង​បំណង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​បានមក​ទស្សនា​តំបន់​មាត់សមុទ្រ និង​ចូលរួម​ពិធីបុណ្យ​សមុទ្រ​របស់​កម្ពុជា តាមរយៈ​Smart Phone បង្ហោះ​លើ​បណ្ដាញ​សង្គម​។

​ជ័យលាភី​ទទួលបាន ប័ណ្ណសរសើរ និង​ប័ណ្ណ​ថតរូប​តម្លៃ ៣៥០ ដុល្លារ តម្លៃ ២៤៥ ដុល្លារ និង​តម្លៃ ១៤០ ដុល្លារ នៅ​ក្រុមហ៊ុន CLIPS Media តាម​លេខ​រៀង ទូរ​សព្ទ​ដៃ​ម្នាក់​មួយគ្រឿង សម្រាប់​ជ័យលាភី​លេខ​១​និង​លេខ​២ ខណៈ​លេខ​៣ ទទួលបាន​ដុំ​សាក​ថ្ម ចំនួន ១​គ្រឿង​។

​ឆ្នាំនេះ ជា​ឆ្នាំ​ទី​៥​នៃ​ការរៀបចំ​បុណ្យ​សមុទ្រ និង​ជុំ​ទី​២​សម្រាប់​ខេត្ត​ព្រះសីហនុ​។  ពិធីបុណ្យ​សមុទ្រ​ផ្ដើម​តាំងពី​ឆ្នាំ ២០១២ នៅ​ខេត្ត​ព្រះសីហនុ លើក​ទី​២​នៅ​ខេត្ត​កែប លើក​ទី​៣​នៅ​ខេត្តកោះកុង លើក​ទី​៤​នៅ​ខេត្តកំពត និង​លើក​ទី​៥ នៅ​ខេត្ត​ព្រះសីហនុ​៕

Comments