យុវសិស្ស៩រូប ជាប់ជ័យលាភីផលិតរឿងខ្លី៣នាទី ធ្វើដំណើរទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖ សិស្សវិទ្យាល័យ
ចំនួន ៩រូប ដែលជាប់ជ័យលាភីក្នុងការផលិតភាពយន្តខ្នាតខ្លី ៣នាទី ដែលត្រូវបានជ្រើសរើសក្នុងចំណោមភាពយន្តចំនួន
៤៦រឿង បានធ្វើទស្សនកិច្ចកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី
២៣-៣០ ខែវិច្ឆិកា
ឆ្នាំ២០១៦។ យុវសិស្សទាំង ៩រូប នឹងចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី ២០១៦
នៅថ្ងៃទី២៦ វិច្ឆិកាខាងមុខនេះ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន
ប្រចាំកម្ពុជា។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជូនសិស្សានុសិស្សថ្នាក់វិទ្យាល័យចំនួន ៩រូប ដែលជាប់ជ័យលាភីក្នុងការផលិតភាពយន្តខ្នាតខ្លី ៣នាទី ដែលត្រូវបានជ្រើសរើសក្នុងចំណោមភាពយន្តចំនួន ៤៦រឿង នឹងធ្វើទស្សនកិច្ចកាន់ប្រទេសជប៉ុន។ ដំណើរទស្សនកិច្ចនេះ ក្រោមកម្មវិធីបណ្ដាញ ផ្លាស់ប្ដូរសិស្ស និស្សិត និងយុវជនអាស៊ីខាងកើត (JENESYS 2016)។ ជាមួយគ្នានេះ សិស្សវិទ្យាល័យទាំង ៩រូប នឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគីតាមិ កោះហុកកៃដូ ដើម្បីចូលរួមមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី ២០១៦ ដែលរៀបចំឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខនេះផងដែរ។
សម្រាប់កម្មវិធី JENESYS 2016 រៀបចំឡើងក្នុងគោលបំណង ជំរុញនូវទំនុកចិត្ត និងការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងចំណោម ប្រជាជនជប៉ុន និងបណ្ដាប្រទេស និងតំបន់ ដែលបានចូលរួម និងកសាងមូលដ្ឋាន នៃចំណងមិត្តភាពនិងសហប្រតិបត្តិការក្នុងពេលអនាគត។
ភាពយន្តខ្នាតខ្លីចំនួន ៣រឿង ផលិតឡើងដោយសិស្សចំនួន ៩រូប ត្រូវបានជ្រើសរើសក្នុងចំណោមភាពយន្តចំនួន៤៦រឿង នាវគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលរៀបចំដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងអប់រំ និងមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន។ បន្ថែមលើនេះ យុវសិស្សទាំងអស់ នឹងមានឱកាសសាកល្បងកីឡាឃើលីង (Curling) ដែលជាកីឡាដ៏ល្បីល្បាញមួយក្នុងរដូវរងារ រួមទាំងធ្វើដំណើរកម្សាន្តក្នុងទីក្រុង និងកម្មវិធីផ្លាស់ប្ដូរនៅវិទ្យាល័យ និងមហាវិទ្យាល័យនៅក្នុងទីក្រុងគីតាមិ។
ជាមួយគ្នានេះ វគ្គផ្ដាច់ព្រ័ត្រនៃមហោស្រព មានការចូលរួមពីសិស្សានុសិស្សក្នុងប្រទេសជប៉ុន និងតំបន់អាស៊ានទាំង១០ប្រទេស រួមទាំងប្រទេសទីម័រខាងកើត ចិន កូរ៉េខាងត្បូង ម៉ុងហ្គោលី និងតៃវ៉ាន់ នៅប្រទេសជប៉ុន ក្នុងកម្មវិធី JENESYS2016 នៅទីក្រុងគីតាមិ កោះហុកកៃដូ។
គួររម្លឹកថា យុវសិស្សទាំង៩រូប ដែលជាប់ជ័យលាភីលេខ ១ ដល់លេខ៣ ជាសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ។ ជាមួយគ្នានេះ ជ័យលាភីលេខ១ បានទៅលើសិស្សមកពីសាលាប៊ែលធីអន្តរជាតិសាខាទី៥ ដែលខ្សែភាពយន្តមានចំណងជើងថា «ស្នាមរបួស», ជ័យលាភីលេខ២ បានទៅលើសិស្សមកពីវិទ្យាល័យច្បារអំពៅ មានចំណងជើងថា «វិប្បដិសារី» និងជ័យលាភីលេខ៣ បានទៅលើសិស្សមកពីសាលា Cambodian Adventist School មានចំណងជើងថា «គ្មាននរណាខ្វល់»។
សូមបញ្ជាក់ថា ស្ថានទូតជប៉ុនរំពឹងថា អ្នកចូលរួម នឹងអាចយល់ដឹងកាន់តែជ្រាលជ្រៅអំពីប្រទេសជប៉ុន ហើយពួកគេ អាចចែករំលែកបទពិសោធន៍របស់គេ ឲ្យបានកាន់តែទូលំទូលាយ ជាមួយប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីពួកគេវិលត្រឡប់មកប្រទេសវិញ៕
Comments
Post a Comment