ភ្នំពេញ៖ នារីសម័យនេះ បានកែប្រែឥរិយាបថ ខុសពីសម័យមុន។ ចំណេះដឹង បានផ្លាស់ប្តូរឥរិយាបថរបស់ពួកគេ
ឲ្យគិតគូរពីអនាគតដោយខ្លួនឯង ជាពិសេសការជ្រើសរើសគូស្រករ និងអះអាងថា ចង់រស់នៅដោយឯករាជ្យជាមួយប្តីប្រពន្ធ
មិនចង់រស់នៅជាមួយឪពុកម្តាយក្មេកឡើយ។
កញ្ញា ជួប ច័ន្ទផូផាណែត
ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យកម្ពុជា បានប្រាប់ឲ្យដឹងថា នាងមិនចង់រស់នៅជាមួយគ្រួសារខាងណាទេ
ព្រោះខ្លាចលំបាក។ ក្នុងន័យនេះ មិនមែន ផាណែត
ខ្លាចនឿយហត់នឹងបម្រើឪពុកម្តាយក្មេកនោះទេ ប៉ុន្តែ នាងខ្លាចពួកគាត់ហត់នឿយនឹងមើលការខុសត្រូវក្នុងផ្ទះទៅវិញទេ។
នាង សុខចិត្តជួលឈ្នួលឲ្យមកនៅជាមួយ ដើម្បីមើលការខុសត្រូវក្នុងផ្ទះជំនួសវិញ។
ផាណែតពន្យល់ថា៖«ធម្មតា តែយើងការហើយ
អាចមានបញ្ហា ឬមានផ្ទៃពោះ សម្រាលកូន អ៊ីចឹងមិនចង់ឲ្យឪពុកម្ដាយទាំងសងខាង
មើលថែនោះទេ។ ពួកគាត់ចាស់ៗហើយ»។ បើតាម យុវតីរូបនេះ ក្រោយរៀបការរួចនាងក៏ត្រូវនៅបន្តធ្វើការទៀតដែរ
ដើម្បីរកចំណូលមកផ្គត់ផ្គង់គ្រួសារ នាងមិនចង់មានឈ្មោះថា រស់ដោយសារប្តី
ឬ«ស្ត្រីបង្វិលចង្ក្រានមិនជុំ»នោះឡើយ។ ផាណែតយល់ថា នៅពេលដែលមនុស្សស្រីគ្រប់រូបមានការងារល្អ ឬមុខរបរមួយច្បាស់លាស់
ពួកគេនឹងមានតម្លៃ។
បើទោះជា ផាណែត អះអាងថា នឹងបន្តធ្វើការងាររបស់ខ្លួនក៏ដោយ ប៉ុន្តែមិនមែននាងបំភ្លេចចោលនូវតួនាទីជាភរិយាល្អ
និងម្តាយល្អនៅក្នុងគ្រួសារនោះទេ។ «រៀបចំទុកដាក់ម្ហូបអាហារ
មានពេលសម្រាប់ប្តី និងកូន ហើយចាត់ចែង មើលការខុសត្រូវក្នុងគ្រួសារ»។ នេះជាការលើកឡើងរបស់ កញ្ញា ជួប ច័ន្ទផូផាណែត ដែលអះអាងថាទាំងនេះ
គឺជាតួនាទីរបស់ខ្លួន ក្នុងនាមជាភរិយាម្នាក់។
រៀបការរួច រស់នៅផ្ទះដោយឡែកពីឪពុកម្តាយទាំងសងខាង
ក៏ជាគំនិតរបស់ កញ្ញា អ៊ុត រស្មីដែរ។ ជានិស្សិតឆ្នាំទី២
និងកំពុងរៀនផាត់មុខ និងធ្វើសក់ផង រស្មី បានបញ្ជាក់ថា នាងចង់រស់នៅតែពីរនាក់ប្ដីប្រពន្ធ
ព្រោះនាងបារម្ភថាអាចមានភាពរកាំរកូស ជាមួយសមាជិកណាមួយក្នុងគ្រួសារ។
ម្យ៉ាងទៀត រស្មី បានគិតគូរពីជីវិតឯកជនរបស់ប្តីប្រពន្ធរបស់នាងដែរ។
យុវតីរូបនេះ ពន្យល់យ៉ាងដូច្នេះ៖« ការរស់នៅតែពីរនាក់ប្ដីប្រពន្ធអាចធ្វើឲ្យជីវិតគ្រួសារមានភាពផ្អែមល្ហែម
យល់ចិត្តគ្នាច្បាស់ ងាយស្រួលតម្រូវចិត្តទាំងពីរនាក់ ដែលធ្វើឲ្យគ្រួសារមានសុភមង្គល»។
រស់នៅដោយឡែកពីឪពុកម្តាយ ក្រោយរៀបការរួច ក៏ជារឿងដែល កញ្ញា និតា ជានិស្សិតផ្នែកគ្រប់គ្រង បានគិតដែរ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ទទួលបានភ្លៀងខៀវពីឪពុកម្តាយរបស់ខ្លួនរួចដែរហើយ។« បើកូនណារៀបការរួច នោះនឹងត្រូវរស់នៅបែកពីគ្រួសារ កុំនៅជាមួយម៉ែឪ ពិបាក»។ នេះជាការបញ្ជាក់របស់ កញ្ញា និតា ដែលកំពុងតែរំលឹកពាក្យសម្តីរបស់ម្តាយនាង។ យុវតីរូបនេះ បានបង្ហាញការរយល់ស្រម និងបន្តលើកឡើងពីគុណសម្បត្តិនៃការរស់នៅតែពីរនាក់ប្តីប្រព្ធ ក្រោយពេលរៀបការរួចយ៉ាងនេះថា៖«ពេលយើងនៅតែពីរនាក់ ប្តីប្រពន្ធយើង ពេលយើងឈ្លោះគ្នា ពិបាក វេទនាយ៉ាងម៉េច ក៏យើងមិនឲ្យឪពុកម្ដាយយើងពិបាកជាមួយយើងដែរ»។
ដ្បិតយុវតីទាំងនោះ សុទ្ធតែអះអាងថា ពួកគេមិនចង់រស់នៅជាមួយឪពុកម្តាយក្មេក ប៉ុន្តែការកសាងគ្រួសារមួយ ជារឿងលំបាកខ្លាំង ដែលទាមទារឲ្យប្តីប្រពន្ធរបស់ពួកគេយល់ចិត្តគ្នាខ្លាំង អត់ធ្មត់ និងរួមគ្នាដោះស្រាយបញ្ហាដែលនឹងអាចកើតឡើង៕
Comments
Post a Comment